ព័ត៌មានជាតិ

ប្ដីទៅស៊ីការ ប្រពន្ធឆ្មក់នាំសហាយមករួមមេត្រីដល់​ផ្ទះ

ភ្នំពេញៈ ស្ត្រីមានកូន២ម្នាក់ ត្រូវបានបុរសជាប្ដីនាំខ្លួនជាមួយសហាយទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលមិត្តភាពខណ្ឌ៧មករា ឲ្យជួយដោះស្រាយតាមច្បាប់ បន្ទាប់ពីបុរសជាប្ដីបានតាមទាន់ប្រពន្ធ និងសហាយដេករួមរ័កក្នុងផ្ទះជាមួយគ្នា គ្រាដែលខ្លួនជាប្ដីបានទៅចូលរួមមង្គលការបងប្អូននៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

ប្រភពព័ត៌មានពីបុរសជាប្ដីឈ្មោះ ចាន់ ផល្លី អាយុ៣៧ឆ្នាំ មុខរបរជាងអគ្គិសនី មានទីលំនៅផ្ទះលេខ១E0 ផ្លូវឌឿងហែម(១២៨) សង្កាត់មិត្តភាព ខណ្ឌ៧មករា បានរៀបរាប់ប្រាប់សមត្ថកិច្ចឲ្យដឹងថា នៅល្ងាចថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៦ រូបគាត់បានប្រាប់ប្រពន្ធឈ្មោះ ជា សុខុម អាយុ៣១ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅជាមួយគ្នាថា ទៅហូបការបងប្អូននៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដោយធ្វើដំណើរទៅជាមួយមិត្តភក្តិជាច្រើន។ ក្រោយពេលហូបការរួចគាត់មានភាពស្រវឹងខ្លាំងក៏ទូរសព្ទប្រាប់ប្រពន្ធថា យប់នេះបងមិនបានទៅផ្ទះទេ។ ប៉ុន្តែរហូតដល់១២យប់ថ្ងៃដដែល ដោយសារមានមិត្តភក្ដិជាច្រើនទៅចូលរួមមង្គលការនេះ បានវិលត្រឡប់មកភ្នំពេញវិញ ហើយបានបបួលគាត់ឲ្យជិះម៉ូតូជាមួយ ហើយពេលមកដល់សង្កាត់បឹងកេងកង៣ ខណ្ឌចំការមន មិត្តទាំងអស់មិនទាន់ចូលផ្ទះទេ ក៏នាំគ្នាចូលហាងផឹកបន្តទៀតរហូតដល់ម៉ោង២យប់ទើបបែកផ្លូវគ្នា។

បុរសជាប្ដីបានឲ្យដឹងទៀតថា គ្រាដែលរូបគាត់បានមកដល់ផ្ទះគោះទ្វារឲ្យប្រពន្ធបើក ប៉ុន្តែចំឡែកមានរយៈពេលជិត២០នាទីទើបប្រពន្ធបើកទ្វារឲ្យ ទាំងទឹកមុខស្លេកស្លាំង ជាហេតុធ្វើឲ្យរូបគាត់មានការសង្ស័យក៏បើកភ្លើងបំភ្លឺពេញផ្ទះ ហើយស្រាប់តែឃើញបុរសជាសហាយឈ្មោះ គង់ គន្ធា អាយុ២៩ឆ្នាំ ជាបុគ្គលិកស្ថានីយទូរទស្សន៍មួយ មានទីលំនៅសង្កាត់បឹងកេងកង១ ខណ្ឌចំការមន កំពុងស្លៀកកន្សែងរបស់គាត់អត់ពាក់អាវពួនសំងំក្រោមគ្រែ ក្បែរទូ ទើបគាត់ឆោឡោផ្អើលដល់អ្នកជិតខាងចេញមកជួយចាប់សាហាយរូបនេះ និងបានប្ដឹងទៅនគរបាលប៉ុស្តិ៍មិត្តភាពឲ្យមកយកជនសង្ស័យរូបនេះទៅដោះស្រាយនៅប៉ុស្តិ៍ជាបន្ទាន់។

បុរសជាប្ដីបានរៀបរាប់ទាំងហួសចិត្តថា រវាងរូបគាត់និងប្រពន្ធបានរៀបការពេញច្បាប់រយៈពេលជាង១០ឆ្នាំមកហើយ ដែលមកដល់ពេលនេះបានចំណងដៃកូនប្រុសស្រី២នាក់ទៀតផង ហើយមិនគួរណាប្រពន្ធហ៊ានផិតក្បត់នាំសហាយមកដេកដល់ក្នុងផ្ទះដូច្នេះឡើយ។ អ្វីដែលគួរឲ្យហួសចិត្តទៀតនោះរាល់សកម្មភាពផិតក្បត់នេះទំនងមិនមែនកើតឡើងតែម្តងនេះទេ គឺច្រើនលើកណាស់មកហើយ ខណៈដែលគាត់ចេញទៅធ្វើការបាត់ ហើយប្រពន្ធនាំសហាយមកដេកនៅផ្ទះបែបនេះ។ ក្នុងករណីផិតក្បត់នេះ រូបគាត់សំណូមពរដល់សមត្ថកិច្ចឲ្យចាត់ការតាមច្បាប់ចុះ និងសុំធ្វើការលេងលះជាមួយប្រពន្ធផិតក្បត់នេះចាប់ពីថ្ងៃនេះតទៅ។

ទោះយ៉ាងណាស្ត្រីឈ្មោះ ជា សុខុម ដែលមានគំនិតផិតក្បត់ប្ដីបាននិយាយនៅចំពោះមុខសមត្ថកិច្ចឲ្យដឹងថា បើបានជាបែកធ្លាយរឿងនេះហើយ លោកប្ដីចង់ធ្វើដូចម្តេចក៏ធ្វើទៅ។ ចំណែកបុរសជាសហាយឈ្មោះ គង់ គន្ធា មិននិយាយស្ដីអ្វីទាំងអស់បានត្រឹមគ្រវីក្បាលប៉ុណ្ណោះ៕

https://youtu.be/0cXeSjW06mk

photo_2016-12-06_10-34-54photo_2016-12-06_11-05-02photo_2016-12-06_11-05-03

មតិយោបល់