កំពង់ចាមៈ ដោយមានការយកចិត្តទុកដាក់ពីលោកឧត្តមសេនីយ៍ត្រី ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម និងមានកិច្ចសហការទំនាក់ទំនងល្អ ជាមួយអាជ្ញាធរមូលដ្ឋាន ក៏ដូចជាប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន នៅព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៦ លោកឧត្តមសេនីយ៍ស្នងការ បានចាត់តាំងកម្លាំងអធិការដ្ឋាននគរបាលស្រុកស្រីសន្ធរ ដែលមានលោកអធិការរងស្រុក បានដឹកនាំកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកោះអណ្តែត និងកម្លាំងប៉ុស្តិ៍ព្រែករំដេង សហការជាមួយកម្លាំងអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន បានចុះជួយរុះរើផ្ទះប្រជាពលរដ្ឋ១ខ្នង ទំហំ៧ម៉ែត្រគុណ១២ម៉ែត្រ ដែលប្រឈមនឹងការបាក់ស្រុតច្រាំងទន្លេ ដែលម្ចាស់ផ្ទះមានឈ្មោះ គ្រិន ណារ៉ាន់ ភេទប្រុស អាយុ៥៧ឆ្នាំ នៅភូមិគគីរ ឃុំកោះអណ្តែត ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។
ការយកចិត្តទុកដាក់របស់អាជ្ញាធរក៏ដូចជាកម្លាំងសមត្ថកិច្ចបានធ្វើឲ្យប្រជាពលរដ្ឋក្នុងមូលដ្ឋាន ជាពិសេសគឺម្ចាស់ផ្ទះផ្ទាល់តែម្តង មានការត្រេកអរជាខ្លាំង និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អាជ្ញាធរមូលដ្ឋាន ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋដែលងាយរងគ្រោះ ដូចជាករណីនេះជាគំរូស្រាប់។
គួររំឭកផងដែរថា កាលពីព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៦ កម្លាំងសមត្ថកិច្ចចម្រុះបានចុះជួយរុះរើផ្ទះប្រជាពលរដ្ឋ១ខ្នងផងដែរ ដែលមានទំហំ បណ្តោយ១២ម៉ែត្រ និងទទឹង៩ម៉ែត្រ ធ្វើអំពីឈើ ប្រក់ក្បឿង ដែលម្ចាស់ផ្ទះមានឈ្មោះនង ជឿង អាយុ៥៤ឆ្នាំ ប្រពន្ធឈ្មោះជិន គន្ធី អាយុ៤៤ឆ្នាំ មានសមាជិកគ្រួសារចំនួន៤នាក់ ដែលប្រឈមនឹងការបាក់ស្រុតដីច្រាំងទន្លេ នៅក្នុងភូមិ-ឃុំជាមួយគ្នានេះដែរ៕










មតិយោបល់