ព័ត៌មានជាតិ

ចាប់ខ្លួនជនបោកប្រាស់ជ្រើសរើសទ័ព និងបង្កើតរចនាសម្ព័ន្ធកងទ័ពក្លែងក្លាយ

ភ្នំពេញៈ ក្រោយពីទទួលបានព័ត៌មាន សង្ស័យជាករណីបោកប្រាស់ជ្រើសរើសឲ្យចូលទ័ពដោយបង់លុយ និងអនុវត្តតាមការណែនាំរបស់លោកព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ និងលោក សៀង សុខ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ក្រោមទម្រង់បទល្មើសជាក់ស្តែង កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបើកការស៊ើបអង្កេតបន្ទាន់មួយ ដោយកិច្ចសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ បានឈានដល់ការចាប់ខ្លួនជនសង្ស័យម្នាក់ ចោទប្រកាន់ពីបទ ក្លែងបន្លំឯកសារសាធារណៈ (ដោយបានក្លែងឋានន្តរសក្តិ រចនាសម័ន្ធកងទ័ព និងឯកសារជ្រើសរើសទ័ព) ឆបោកប្រាក់ និងបានកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត។

ជនសង្ស័យដែលចាប់ខ្លួនបាននេះ មានឈ្មោះ ងួន សេងសត្យា ហៅទូច សេង ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរយោធា អត្តលេខ០១១០៩៩ ស្រុកកំណើត ភូមិត្រាវគៀត ឃុំដានរុន ស្រុកសូត្រនិគម ខេត្តសៀមរាប មានទីលំនៅបច្ចុប្បន្ន ផ្ទះជួល ផ្លូវលេខ ១២២ ភូមិ៩ សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ ត្រូវបានកម្លាំងមានសមត្ថកិច្ចចាប់ខ្លួនបានកាលពីល្ងាច ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១ នៅក្នុងរាជធានីភ្នំពេញ ដោយចោទប្រកាន់ពីបទ ក្លែងបន្លំឯកសារសាធារណៈ (ក្លែងឋានន្តរសក្តិ រចនាសម័ន្តកងទ័ព និងឯកសារជ្រើសរើសទ័ព) ឆបោកប្រាក់ និងបានកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត ។

ក្នុងនោះដែរ កម្លាំងធ្វើការដកហូតបានវត្ថុតាងរួមមានអាវុធខ្លី១ដើមម៉ាក CF 98 លេខ ៥៥៥៥ ,បង់១ ,គ្រាប់១៥គ្រាប់ (រក្សាទុកក្នុងអង្គភាព អ.ហ.ភ.ព), អត្តសញ្ញាណប័ណ្ណ១សន្លឹក ឈ្មោះ ទូច សេង និងប័ណ្ណបើកបរ១សន្លឹក, លិខិតឆ្លងដែន១ក្បាល ,អត្តសញ្ញាណប័ណ្ណឈ្មោះ ងួន សេងសត្យា ចំនួន១សន្លឹក,កាត ATMធនាគារកាណាឌីយ៉ា ១សន្លឹក, ប័ណ្ណសំគាល់សមាជិក១សន្លឹក,កាបូបដៃពណ៌សូកូឡា១ (ដោយមានប្រាក់ដុល្លារអាមេរិក ១០ដុល្លារ),ទូរសព្ទដៃ១គ្រឿងម៉ាក ណូគា ពណ៌ក្រហម១គ្រឿង, ទូរសព្ទដៃ១គ្រឿងម៉ាក ហ៊ូវ៉េយចំនួន១គ្រឿង,ខ្សែដៃលោហៈធាតុពណ៌លឿង១ខ្សែ , រចនាសម្ព័ន្ធអង្គភាពចារកម្មពិសេស២ផ្ទាំង,កុំព្យូទ័រ យួរដៃ១គ្រឿងម៉ាក Dell ពណ៌ខ្មៅ (រក្សាទុកក្នុងអង្គភាព អ.ហ.ភ.ព), មួកថ្នាក់ឧត្តមសេនីយ៍ចំនួន២មួក,ត្រាឈ្មោះ ងួន សេងសត្យា ថ្នាក់ឧត្តមសេនីយ៍ចំនួន១,ឋានន្តរស័ក្តថ្នាក់ឧត្តមសេនីយ៍ទោចំនួន១គូ, ស្លាកឈ្មោះ ឧ. ងួន សេងសត្យា ចំនួន២,ខ្សែហ៊ូវ័ន្ត ពាក់ឈាង១ខ្សែ ពណ៌លឿង, ឯកសណ្ឋានត្រេអ៊ី (អាវដៃខ្លី៣ និងខោ២),ឯកសណ្ឋានឈុតខ្មៅ (អាវ៣ និងខោ២) ,ឯកសណ្ឋានត្រេអ៊ីក្រឡាការ៉ូ១កំប្លេ, ឯកសណ្ឋានប៉ារ៉ា ២កំប្លេ ,រូបថតឯកសណ្ឋាន ពាក់សក្តិឧត្តមសេនីយ៍យោធា១សន្លឹក,ម៉ូកប៉ារ៉ាចំនួន១ ពណ៌ស្លែ, បញ្ជីឈ្មោះពាក់ព័ន្ធការជ្រើសរើសទ័ព និងបញ្ចូលក្របខណ្ឌនាយទាហាន ពលទាហាន ថ្មី ក្លែងកា្លយ មួយចំនួន។

កម្លាំងអាវុធហត្ថ បានឲ្យដឹងថាកន្លងមកឈ្មោះ ងួន សេងសត្យា ហៅ ទូច សេង បានតាំងខ្លួន ឬក្លែងខ្លួនជានាយទាហានជាន់ខ្ពស់ម្នាក់ថ្នាក់ឧត្តមសេនីយ៍ទោ នៃអគ្គនាយកដ្ឋានចារកម្មពិសេស អគ្គបញ្ជាការ ហើយបានធ្វើឯកសាររបស់សាមីអង្គភាព ដោយបានក្លែងឯកសារ សាធារណៈ ជ្រើសរើសនាយទាហាន និងពលទាហានជាច្រើនរូបបញ្ចូលក្នុងក្របខណ្ឌកងទ័ព ដោយតម្រូវឲ្យជនរងគ្រោះទាំងនោះ បង់ថ្លៃសេវាជាបន្តបន្ទាប់។ ក្រោយមកជនរងគ្រោះជាច្រើននាក់ដែលត្រូវឈ្មោះ ងួន សេងសត្យា ជ្រើសរើសបញ្ចូលក្របខណ្ឌទ័ព ក្នុងអង្គភាពអគ្គនាយកដ្ឋានចារកម្មពិសេសនោះ ពុំបានចូលធ្វើការងារទេ ក៏បានទើបលេចឮព័ត៌មាននេះទៅដល់សាមីអង្គភាព (អគ្គនាយកដ្ឋានចារកម្មពិសេស)។ ទន្ទឹមនឹងនោះសាមីអង្គភាព ក៏បានត្រួតពិនិត្យមើលបញ្ជីឈ្មោះនៅក្នុងអង្គភាព អគ្គនាយកដ្ឋាន ចារកម្មពិសេស ឃើញថា ពុំមានឈ្មោះ ងួន សេងសត្យា ឋានៈឧត្តមសេនីយ៍ទោ នៅក្នុងអង្គភាព អគ្គនាយកដ្ឋានចារកម្ម ពិសេស នៃអគ្គបញ្ជាការដ្ឋាននោះទេ ទើបសាមីអង្គភាពផ្តល់ព័ត៌មានដល់ស្ថាប័នសមត្ថកិច្ច កងរាជអាវុធហត្ថឲ្យជួយអន្តរាគមន៍ ស្រាវជ្រាវរកជនសង្ស័យ ងួន សេងសត្យា និងឃាត់ខ្លួនតែម្តង។

បន្ទាប់ពីបានស្តាប់ចម្លើយជនសង្ស័យឈ្មោះ ងួន សេងសត្យា សមត្ថកិច្ចបានស្រាវជ្រាវឆែកឆេរមើលឯកសារក្នុងកុំព្យូទ័រយួរដៃរបស់ជនសង្ស័យនេះ បង្ហាញឲ្យឃើញថា មានរូបថតប្រជុំជួរទ័ព នៅក្នុងកុំព្យូទ័រនេះ ដែលជនសង្ស័យបានជ្រើសរើស ដើម្បីឆបោកប្រាក់ពីជនរងគ្រោះពិតប្រាកដមែន។

តាមការស្តាប់ចម្លើយឈ្មោះ ងួន សេងសត្យា ហៅទូច សេង ជាជនសង្ស័យបានឲ្យដឹងថា ខ្លួនធ្លាប់ធ្វើជាកូនទាហាននៅឆ្នាំ១៩៩៤ ក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ រហូតដល់ឆ្នាំ១៩៩៩ បន្ទាប់មកដល់ឆ្នាំ២០០៧ បានប្រចាំការនៅអង្គភាព កងពលលេខ៩២ ដោយក្នុងពេលនោះខ្លួនធ្វើជាយោធាផង រកស៊ីផង ហើយបានរៀនរហូតដល់ជាប់បាក់ឌុបនៅខេត្តសៀមរាប ក្នុងឆ្នាំ២០១២ ហើយក៏បានវិលត្រឡប់ទៅអង្គភាពដើមវិញ ពេលទៅដល់ក៏ត្រូវបានគេប្រាប់ថាឈ្មោះខ្លួនត្រូវអង្គភាពកាត់ចោល ហើយ។

ចម្លើយសារភាពដដែលបានបន្តថា លុះដល់ឆ្នាំ២០១៣ ខ្លួនបានឡើងមកភ្នំពេញ ដើម្បីដាក់ពាក្យសុំប្រឡងចូលយោធានៅសាលានាយទាហានសកម្ម (ត្មាត ពង) តែប្រឡងធ្លាក់ លុះដល់ឆ្នាំ២០១៤ ខ្លួនបានមកដាក់ពាក្យប្រឡងម្តងទៀតនៅសាលាទ័ពជើងគោកជំនាន់ទី១ ប្រឡងជាប់ ជានាយទាហានបន្តវេន និងរៀនរយៈពេល៦ខែ លុះពេលរៀនចប់នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៤ ខ្លួនបានចូលទៅបម្រើការងារ នៅអង្គភាពកងពលលេខ៩២ចាស់ដដែល។ រហូតដល់ឆ្នាំ២០១៥ ខ្លួនបានផ្លាស់ប្តូរអង្គភាពមកបម្រើការងារនៅភូមិភាគទី៤៕

ជនបោកប្រាស់ជ្រើសរើសទ័ព និងបង្កើតរចនាសម្ព័ន្ធកងទ័ពក្លែងក្លាយ ជនបោកប្រាស់ជ្រើសរើសទ័ព និងបង្កើតរចនាសម្ព័ន្ធកងទ័ពក្លែងក្លាយ ជនបោកប្រាស់ជ្រើសរើសទ័ព និងបង្កើតរចនាសម្ព័ន្ធកងទ័ពក្លែងក្លាយជនបោកប្រាស់ជ្រើសរើសទ័ព និងបង្កើតរចនាសម្ព័ន្ធកងទ័ពក្លែងក្លាយ

មតិយោបល់