ព័ត៌មានជាតិ

ផឹងស្រាស្រវឹង ទាស់សម្តី វាយសំពងក្បាលបីដងរ៉ែក

ព្រៃវែងៈ បុរសវ័យចំណាស់ម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗ បន្ទាប់ពីបុរសរូបនេះ ប្រើអំពើហិង្សាទៅលើស្រ្តីម្នាក់ជាអ្នកជិតខាង បណ្តាលឲ្យរងរបួសយ៉ាងដំណំ កាលពីវេលាម៉ោង២និង៤៨នាទី ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅចំណុចភូមិបឹងឡែង ឃុំជ្រៃឃ្មុំ ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង។

សមត្ថកិច្ចបានឲ្យដឹងថា​ បុរសវ័យចំណាស់ដែលជាជនបង្ក មានឈ្មោះ សេន អាង អាយុ៤៨ឆ្នាំ មុខរបរកសិករ រស់នៅភូមិបឹងឡែង ឃុំជ្រៃឃ្មុំ ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង បានទាស់សម្តីគ្នាជាមួយស្ត្រីម្នាក់ មានឈ្មោះ ធិ គឹមហេង អាយុ៥២ឆ្នាំ មុខរបរកសិករ រស់នៅភូមិ ឃុំកើតហេតុខាងលើ ដោយជនបង្កបានយកដងរ៉ែកវាយសំពងទៅលើស្រ្តីរងគ្រោះចំនួនបីកន្លែងចំ ក្បាល ដៃខាងឆ្វេង និងខ្នងផ្នែកខាងក្រោយ។

ប្រភពព័ត៌មានពីអ្នកដែលឃើញហេតុការណ៍បានឲ្យដឹងថា មុនពេលកើតហេតុជនបង្កបានផឹងស្រាស្រវឹង រួចហើយក៏បាននិយាយដៀមដាមទៅស្រី្តរងគ្រោះ ដោយទ្រាំនឹងការជេរប្រមាថនេះមិនបាន ស្រ្តីរងគ្រោះក៏តបវិញ ខណៈនោះជនបង្ក បានស្ទុះទាញដករ៉ែកវាយសំពងទៅលើស្រី្តរងគ្រោះចំនួន៣ដងរ៉ែកតែម្តង។

បច្ចុប្បន្ន ជនបង្កត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅអធិការដ្ឋានស្រុកស៊ីធរកណ្តាល ដើម្បីដោះស្រាយតាមនីតិវិធីច្បាប់៕

មតិយោបល់