ព័ត៌មានជាតិ

សង្ស័យបែកថ្នាំ យកកាំបិតដេញអ្នកភូមិ និងកាប់កូនស្រី៣ឆ្នាំ បែកលលាដ៏ក្បាលស្លាប់!.

ព្រះសីហនុៈ បុរសម្នាក់ សង្ស័យបែកថ្នាំញៀន បានវាយអុកឡុកផ្ទះសម្បែង រួចទាញកាំបិតកាប់ប្រហារទៅលើកូនស្រីបង្កើតរបស់ខ្លួនដែលមានអាយុ៣ឆ្នាំ ចំក្បាលបណ្តាលឲ្យបែកលលាដ៏ក្បាលស្លាប់យ៉ាងអាណោចអាធ័ម រួចបន្តទាញកាំបិតដេញកាប់អ្នកភូមិបណ្តាលឲ្យយុវជនម្នាក់រងរបួសចំដៃយ៉ាងធ្ងន់ធ្ងរ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១០យប់ ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅចំណុចភូមិវាលមាស ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

សមត្ថកិច្ចបានឲ្យដឹងថា ជនដៃដល់ដែលធ្វើសកម្មភាពកាប់ប្រហារទៅលើកូនស្រីបង្កើតរបស់ខ្លួននិងអ្នកភូមិខាងលើនេះមានឈ្មោះ ជិវ រដ្ឋា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរជាងទង ស្នាក់នៅចំណុចកើតហេតុខាងលើ។ ចំណែកកូនស្រីដែលស្លាប់មានឈ្មោះ ជិវ លីហួរ ភេទស្រី អាយុ៣ឆ្នាំ ស្លាប់ភ្លាមៗនៅកន្លែង និងម្នាក់ទៀតឈ្មោះ មាន ហួត ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរសិស្ស ស្នាក់នៅភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ រងរបួសដៃធ្ងន់ធ្ងរ។

ប្រភពព័ត៌មានពីឈ្មោះ ជិន សាមាឌី ភេទស្រី អាយុ២៥ឆ្នាំ មុខរបរមេផ្ទះ ត្រូវជាប្រពន្ធរបស់ជនសង្ស័យបានឲ្យដឹងថា មុនពេលកើតហេតុ ទំនងជាជនដៃដល់រូបនេះបែកថ្នាំញៀនហើយមើលទៅ ទើបបង្កហិង្សាវាយអុកឡុកទ្រព្យសម្បត្តិក្នុងផ្ទះ មិនតែប៉ុណ្ណោះស្រាប់តែស្ទុះទាញកាំបិតកាប់ប្រហារទៅលើកូនស្រីរបស់ខ្លួនដែលមានអាយុទើបតែ៣ឆ្នាំ បណ្តាលឲ្យត្រូវចំលលាដ៏ក្បាលស្លាប់យ៉ាងអាណោចអាធ័មនៅនឹងកន្លែង។ បន្ទាប់មកជនដៃដល់ជាឪពុករូបនេះ បានកាន់កាំបិតរត់តាមបណ្តោយផ្លូវជាតិលេខ៤ ដេញកាប់យុវជនម្នាក់ទៀត ដែលកំពុងឈរមិនដឹងខ្លួន បណ្តាលឲ្យរងរបួសត្រង់ប្រអប់ដៃខាងស្តាំ យ៉ាងធ្ងន់ធ្ងរត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ចំណែកជនបង្កព្យាយាមរត់គេចខ្លួន តែត្រូវបានកម្លាំងអាវុធហត្ថចាប់ខ្លួនបាន។

បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងកងរាជអាវុធហត្ថស្រុកព្រៃនប់ធ្វើការសាកសួរ ឃុំខ្លួនបណ្តោះអាសន្ន ដើម្បីកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការចាត់ការតាមផ្លូវច្បាប់៕

មតិយោបល់