ព័ត៌មានជាតិ

គាស់ផ្ទះចូលលួចទ្រព្យសម្បត្តិពីយប់ ព្រឹកឡើងជាប់ខ្នោះ

រតនគិរីៈ ជនសង្ស័យម្នាក់ ត្រូវសមត្ថកិច្ចខេត្តឃាត់ខ្លួន បន្ទាប់ពីរូបគេធ្វើសកម្មភាពគាស់ផ្ទះចូលលួចទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋក្នុងភូមិយ៉ាងសកម្ម នៅក្រុងបានលុង។

ការឃាត់ខ្លួននេះ ធ្វើឡើងដោយមានពាក្យបណ្តឹងរបស់ស្ត្រីម្នាក់ឈ្មោះ ខន ផារ៉ា អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់គ្រឿងទេស មានទីលំនៅភូមិ៧មករា សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី ទើបសមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលខេត្ត សហការជាមួយកម្លាំងប៉ុស្តិ៍ឡាបានសៀក បានចុះទៅដល់កន្លែងកើតហេតុ បានស្រាវជ្រាវតាមដានតម្រុយ ដែលបន្សល់ទុកនៅកន្លែងកើតហេតុ ទើបឈានដល់ការឃាត់ខ្លួនជនសង្ស័យមានឈ្មោះ ហេង ពៅ ភេទប្រុស អាយុ១៩ ឆ្នាំជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ដែលមានទីលំនៅភូមិ៧មករា សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី កាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៦។

លោកវរសេនីយ៍ឯក មាស ពៅបូរ៉ា នាយការិយាល័យនគរបាលព្រហ្មទណ្ឌសម្រិតស្រាលនៃស្នងការរដ្ឋាននគរបាលខេត្តបានបញ្ជាក់ថា យោងតាមពាក្យបណ្តឹងស្ត្រី ឈ្មោះ ខន ផារ៉ា ថា នៅវេលាម៉ោង១២យប់រំលងអធ្រាត្រថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៦ មានចោរចូលផ្ទះរបស់គាត់ ខណៈគាត់កំពុងសម្រាកលង់លក់ លុះភ្ញាក់ឡើងក៏ឃើញបង្អួចរបស់គាត់របើក ក៏មានការឆោឡោ ទើបដឹងថា ទូរសព្ទដៃ ព្រមទាំងលួចលុយចំនួន៤០ម៉ឺនរៀល ត្រូវចោរលួចទៅបាត់។

លោកបានបន្តថា ជនសង្ស័យ ត្រូវបានឃាត់ខ្លួនកាលពីព្រឹកថ្ងៃទី៩ ខែធ្នូ ម្សិលមិញនេះ នៅចំណុចផ្ទះរបស់ជនសង្ស័យតែម្តង ស្ថិតក្នុងភូមិ៧មករា សង្កាត់ឡាបានសៀក ក្រុងបានលុង ហើយដកហូតបានវត្ថុតាងទូរសព្ទដៃម៉ាកសាំសុងណូតធូ១គ្រឿង និងប្រាក់ចំនួន៤០ម៉ឺនរៀល។

លោកបន្តទៀតថា ជនសង្ស័យរូបនេះ បានធ្វើសកម្មភាពលួចជាច្រើនដងមកហើយ ហើយជាប់គុកមិនដែលយូរទេ ដោយសារមានអ្នកធានា។ នេះជាលើកទី៣ហើយ មិនអាចអនុគ្រោះ ត្រូវផ្តន្ទាទោសតាមផ្លូវច្បាប់។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការរដ្ឋាននគរបាលខេត្ត ដើម្បីបំពេញសំណុំរឿងបញ្ជូនទៅសាលាដំបូង នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៦នេះ៕

មតិយោបល់