ព័ត៌មានជាតិ

ទំនងជាស្រវឹង រអិលជើងធ្លាក់ពីស្ពានអ្នកលឿងស្លាប់!..

ព្រៃវែង: បុរសម្នាក់ ទំនងជាស្រវឹងស្រាចេញពីផឹកស៊ីវិញ បានរអិលជើងធ្លាក់ពីលើស្ពានអ្នកលឿងបោកក្បាលស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័ម។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងជាង៤ទាបភ្លឺ ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅចំណុចផ្លូវលូទៅវត្តព្រែករាំង ដែលឆ្លងកាត់ក្រោមស្ពានអ្នកលឿង ស្ថិតក្នុង ភូមិឧត្តម ឃុំព្រែខ្សាយ(ក) ស្រុកពាមរក៍ ខេត្តព្រៃវែង។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់ខាងលើនេះ មានឈ្មោះ ហ៊ួន ធឿន ភេទប្រុស អាយុ៤៧ឆ្នាំ ស្នាក់នៅភូមិឧត្តម ឃុំព្រែកខ្សាយ(ក) ស្រុកពាមរក៍ ខេត្តព្រៃវែង។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះខាងលើបានចេញពីមើលការប្រគុំតន្ត្រីនៅចំណុចមាត់ទន្លេ ស្ថិត ក្នុងភូមិខាងលើ ជាមួយជនរងគ្រោះ ដោយបានជិះកង់៣ទៅផឹកស៊ីនៅផ្ទះរបស់ខ្លួន ដែលមានទីតាំងនៅអ្នកលឿងត្រើយខាងលិច លុះដល់ម៉ោងប្រហែលជា៣និង១០នាទីខ្លួន មិត្តភក្តិដូចគ្នាក៏បានជូនជនរងគ្រោះមកវិញ តែជូនមកដល់ត្រឹមសួនច្បារគល់ស្ពានអ្នកលឿងត្រើយខាងលិច មិត្តភក្តិក៏ជិះម៉ូតូត្រឡប់ទៅផ្ទះវិញតែម្ដង ស្រាប់តែក្រោយមកឮគេប្រាប់ថា ជនរងគ្រោះធ្លាក់ពីលើស្ពានស្លាប់បាត់ទៅហើយ។

ក្រោយពីមានហេតុការណ៍នេះកើតឡើង សមត្ថកិច្ចនគរបាលជំនាញបានចុះមកធ្វើការពិនិត្យនិងធ្វើកោសល្យវិច្ច័យទៅលើសាកសពជនរងគ្រោះបានឲ្យដឹងថា ជនរងគ្រោះរូបនេះពិតជាស្លាប់ដោយសារតែការរអិលជើងធ្លាក់ពីលើស្ពានពិតប្រាកដមែន មិនមែនជាករណីឃាតកម្មអ្វីនោះឡើយ។ បច្ចុប្បន្នសាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

//youtu.be/WN0b1G4sPb4

មតិយោបល់