ព័ត៌មានជាតិ

បាក់អន្ទារធ្លាក់ពីលើជាន់ទី២ កម្មករ២នាក់រងរបួសធ្ងន់

ភ្នំពេញ: កម្មករសំណង់២នាក់រងរបួសយ៉ាងធ្ងន់ធ្ងរ ខណ:ពេលដែលពួកគេកំពុងតែនាំគ្នាយោងក្បឿងចុះទំនងជាធ្ងន់ពេក ក៏បាក់អន្ទារធ្លាក់ទាំងកញ្ឆេរទាំងមនុស្សមកខាងក្រោម បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងកាលពីវេលាម៉ោង១០និង១៥នាទីព្រឹក ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅក្នុងការដ្ឋានសំណង់មួយកន្លែង ផ្ទះលេខ២៣ ផ្លូវម៉ៅសេទុង កែងនឹងផ្លូវលេខ៦៣ ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌចម្ការមន រាជធានីភ្នំពេញ។

ប្រភពព័ត៌ពីកន្លែងកើតហេតុបានឲ្យដឹងថា ជនរងគ្រោះទាំង២នាក់ ទី១ឈ្មោះ ម៉ៅ ភេទប្រុស អាយុ២៥ឆ្នាំ និងទី២ឈ្មោះ ឌឺង ភេទប្រុស អាយុ២៩ឆ្នាំ អ្នកទាំង២ជាកម្មករសំណង់ដូចគ្នា ស្នាក់នៅក្នុងភូមិក្តុល ឃុំក្តុល ស្រុកគងពិសី ខេត្តកំពង់ស្ពឺជាមួយគ្នា រងរបួសយ៉ាងធ្ងន់ធ្ងរ ។

ប្រភពដដែលបានបន្តថា មុនពេលកើតហេតុម្ចាស់ផ្ទះកើតហេតុខាងលើបានជួលក្រុមកម្មករចំនួន៣នាក់ មកធ្វើការរុះរើដំបូលផ្ទះនិងនាំគ្នាដាក់កញ្ឆេរជញ្ជូនក្បឿងចុះពីជាន់ទី១ ដោយដាក់អន្ទារ និងខ្សែររ៉តយោងចុះ ខណ:នោះទំនងជាដាក់ធ្ងន់ពេកក៏បណ្តាលឲ្យបាក់អន្ទារធ្លាក់ទាំងកញ្ឆេរ ទាំងជនរងគ្រោះទាំង២នាក់ មកដល់ដីបណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរទាំងពីរនាក់តែម្តង។

ក្រោយពេលកើតហេតុ កម្មករសំណង់ដែលរងគ្រោះម្នាក់ ត្រូវបានគេដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត និងម្នាក់ទៀតត្រូវបានគេបញ្ជូនយកទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត ហើយក្រោយពីកើតហេតុសមត្ថកិច្ចក៏បានចុះទៅដល់កន្លែងកើតហេតុដើម្បីធ្វើកំណត់ហេតុផងដែរ៕

មតិយោបល់