ព័ត៌មានជាតិ

ពលរដ្ឋគ្រោងនឹងធ្វើបាតុកម្មដុតកង់ឡានបិទផ្លូវជាតិលេខ៤ ប្រសិនបើកអាជ្ញាធរមិនបញ្ឈប់ការឈូសឆាយតំបន់ព្រៃទឹកសាបក្បាលឆាយ

ព្រះសីហនុៈ ប្រជាពលរដ្ឋរស់នៅក្នុងតំបន់ព្រៃទឹកសាបក្បាល ឆាយ ត្រង់ចំណុចខាងក្រោយបន្ទាយយោធាសិករងខេត្តព្រះសីហនុចំនួនប្រមាណជាង២០០គ្រូសារកាលពីព្រឹក ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៦ បានធ្វើការប្រកាសនៅគោលជំហររបស់ពួកគេថា បើអាជ្ញាធរខេត្តមិនព្រមបញ្ឈប់សកម្មភាពការគំរាមកំហែង ដោយកម្លាំងប្រដាប់អាវុធ និងការប្រើប្រាស់គ្រឿងចក្រធ្វើការឈូសឆាយកាយប្រឡាយទឹកកាត់ផ្តាច់វាទីយកដីរបស់ពូកគាត់ ក្រោមលេសថា ការពារតំបន់ទឹកស្អាតរបស់(ក្រុមហ៊ុន អានកូរ )ទេនោះ ពួកគាត់នឹងបង្ខំចិត្តធ្វើបាតុកម្មដុតកង់ឡានបិទផ្លូវជាតិលេខ៤ ដើម្បីធ្វើការតវ៉ាឲ្យសម្តេច តេជោ ហ៊ុន សែន ជួយរកភាពយុត្តិធម៌។

ក្រុមប្រជាពលរដ្ឋខាងលើបានបន្តទៀតថា ជុំវិញបញ្ហាកាយប្រឡាយព្រំខាងលើនេះ គឺជាការរំលោភបំពានទាំងស្រុង លើសិទ្ធិសេរីភាពរស់នៅរបស់ប្រជាពលរដ្ឋ ពីព្រោះថា តំបន់ដែលស្ថិតនៅក្នុងចំណុចត្រូវការពារសម្រាប់ប្រើប្រាស់ទឹកស្អាត របស់ក្រុមហ៊ុន អានកូរនោះ នៅឆ្ងាយពីរគ្នាណាស់ ដូចជា មិនមានការពាក់ព័ន្ធ។ ហើយអ្វីដែលគួរឲ្យកត់សម្គាល់ បំផុតនោះ គឺការជីកប្រឡាយនេះ គេធ្វើឡើងនៅលើតែដីតំបន់ប្រជាពលរដ្ឋរស់នៅប៉ុណ្ណោះ ចំណែកឯដីរបស់ក្រុមអ្នកមានលុយ មានអំណាច ដែលស្ថិតនៅក្នុងតំបន់តែមួយមិនហានប៉ះពាល់នោះទេ គឺគេកាយបង្វៀង(ខ្វៀលចេញ)។ ចំណុចនេះ អាចឆ្លុះបញ្ចាំងឲ្យឃើញថា វាជាទង្វើឃុបឃិតគ្នាយ៉ាងពិតប្រាកដ រវាងអ្នកមានលុយមាន អំណាចនឹងអ្នកអនុវត្តន៍ច្បាប់ ជាហេតុធ្វើឲ្យប្រជាពលរដ្ឋ ក្រីក្រទទួលរងលំបាកគ្រប់បែបយ៉ាង រកទីបញ្ជប់គ្មាន។

លោក ឃាង តំណាងក្រុមហ៊ុន អានកូរ បានធ្វើការបញ្ជាក់ថា ការកាយប្រឡាយព្រំខាង លើនេះ មិនមែនក្រុមហ៊ុន អានកូរ ជាអ្នកកាយនោះទេ គឺអាជ្ញាធរខេត្ត ជាអ្នកកាយ ហើយក្រុមហ៊ុន អានកូរ គ្រាន់តែជាអ្នកមានគ្រឿងចក្រសម្រាប់ស៊ីឈ្នូលតែប៉ុណ្ណោះ ដូចនេះរឿងគ្រាប់យ៉ាង គឺជាការទទួលខុស ត្រូវរបស់អាជ្ញាធរខេត្តព្រះសីហនុ។

លោក ប្រាក់ ប្រាកដ ប្រធានមន្ទីរឧស្សាហកម្មនឹងសប្បកម្មខេត្តព្រះសីហនុ ជុំវិញបញ្ហានេះ លោកក៏បានធ្វើការបញ្ជាក់ផងដែរថា កិច្ចការខាងលើនេះ មិនមានការពាក់ពន្ធ័ជាមួយ ក្រុមហ៊ុន អាន កូរ នោះទេពីព្រោះ ក្រុមហ៊ុន បានធ្វើការកំណត់តំបន់ ដែលត្រូវការពារសម្រាប់ប្រើប្រាស់ទឹកស្អាត គ្រប់គ្រងដោយក្រុមហ៊ុនរូចរាល់អស់ហើយ មិនមានរឿងអ្វីដែលមានភាពស្មុកស្មាញទៀតនោះទេ។

ដោយឡែកសម្រាប់លោក សាមុត សុធា រិទ្ធ ប្រធានមន្ទីរបរិស្ថាន ខេត្តព្រះសីហនុ បានធ្វើការបញ្ជាក់ថា សកម្មភាពកាយប្រឡាយព្រំខាងលើនេះ គឺជាកិច្ចការបស់អាជ្ញាធរខេត្ត ក្នុងគោលដៅរក្សាការពារតំបន់ដែលប្រើប្រាស់ទឹកស្អាតឲ្យបានល្អ និងការពារភាពអនាធិបតេយ្យពីសំណាក់ប្រជាពលរដ្ឋខិលខូចមួយចំនួន ដែលចេះតែព្យាយាម ធ្វើការកាប់បំផ្លាញ ព្រៃឈើធម្មជាតិរំលោភបំពានយកដីរដ្ឋតទៅទៀត។ ដូចនេះ ដើម្បីថែរក្សាការពារព្រៃឈើធម្មជាតិឲ្យបានគង់វង្ស បងប្អូនប្រជាពលរដ្ឋគួរមានការយល់ដឹង ទាំងអស់គ្នា ត្រូវបញ្ចប់ជាបន្ទាន់នូវទង្វើ មិនល្អដែលបង្កផលប៉ះពាល់ដល់ សេចក្តីថ្លៃថ្នូរដល់សង្គមជាតិ៕

people-3people-4people-5people-6people-1people-2

មតិយោបល់