ព្រៃវែងៈ បុរសដែលសមត្ថកិច្ចបានអះអាងថា ជាមន្រ្តីពេទ្យសត្វបានបើករថយន្តឡិចស៊ីស RX300បុកគល់ស្ពានក្រឡាប់ផ្ងារជើង បណ្ដាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។
គ្រោះថ្នាក់ចរាចរណ៍ ដែលបង្កឡើងដោយខ្លួនឯងនេះ បានកើតឡើងកាលពីវេលាម៉ោង១០និង១៥នាទីយប់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៦ ត្រង់ចំណុចស្ពានព្រែកអាហ៊ួរ ស្ថិតក្នុងភូមិនឹង ឃុំព្រែកក្របៅ ស្រុកពាមជរ៍ ខេត្តព្រៃវែង។
នគបាលស្រុកពាមជរ៍បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ទ្រី វិសាល ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរជាមន្ត្រីពេទ្យសត្វ រស់នៅភូមិនឹង ឃុំអ្នកលឿង ស្រុកពាមជរ៍ ខេត្តព្រៃវែង។
នគបាលស្រុកពាមជរ៍បានបន្តទៀតថា មុនពេលកើតហេតុជនរងគ្រោះបានបើករថយន្ត១គ្រឿង ម៉ាកឡិចស៊ីស RX300 ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ2M-9983 បើកបរក្នុងទិសដៅពីជើងទៅត្បូង លុះដល់ចំណុចកើតហេតុខាងលើរថយន្តបានរេចង្កូតទៅបុកនឹងគល់ស្ពានព្រែកអាហ៊ួ ហើយធ្លាក់ចុះក្រោមជ្រុលទៅបុកផ្ទះរបស់ប្រជាពលរដ្ឋឈ្មោះ ជឹម សារ៉ាត់ ភេទប្រុស អាយុ៤៤ឆ្នាំ បណ្តាលឲ្យក្រឡាប់ផ្ងារជើង ហើយអ្នកបើកបស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុតែម្តង។
ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះទៅធ្វើកំណត់ហេតុ រួចប្រគល់សាកសពជូនក្រុមគ្រួសារ យកធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់