ព័ត៌មានជាតិ

បញ្ជូនក្រុមជួញដូរគ្រឿងញៀនធ្លាប់ជាប់ពន្ធនាគារបានមនុស្ស៥នាក់ និងថ្នាំញៀនជាង១០០កញ្ចប់ មកតុលាការនៅរសៀលនេះ

កណ្តាលៈ នៅរសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៦ កម្លាំងប្រឆាំងគ្រឿងញៀននៃស្នងការនគរបាលខេត្តកណ្តាល បានបញ្ជូនជនសង្ស័យ៥នាក់ពាក់ពន្ធ័ករណីជួញដូរគ្រឿងញៀន មកតុលាការដើម្បីចាត់ការតាមនីតិវិធីច្បាប់។

សូមរំលឹកដែរថា ក្នុងរយៈពេល១២ថ្ងៃ ប៉ុណ្ណោះ នគរបាលស្រុកកោះធំ ដឹកនាំផ្ទាល់ដោយលោកវរសេនីយ៍ ឈឿន ប៊ុនឆន អធិការស្រុកកោះធំ និងមានបទបញ្ជារដ៏ម៉ឺងម៉ាត់ ពីឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្តាល បានចុះប្រតិបត្តិការស្រាវជ្រាវ រហូតបានឃាត់ខ្លួនមុខសញ្ញាធ្លាប់ជាប់ពន្ធនាគារពីលើកមកហើយ និងបក្ខពួកផ្សេងទៀត រួមនិងថ្នាំញៀនជាង១០០កញ្ចប់ មានកញ្ចប់តូច កញ្ចប់ធំ និងវត្ថុតាងមួយចំនួនទៀត។

ហេតុការណ៍ចុះប្រតិបត្តិការណ៍បង្ក្រាបនេះបានធ្វើឡើងកាលពីវេលាម៉ោង២និង៣០នាទី ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៦ ចំណុចក្នុងបរិវេណវត្តពោធិ៍រាម្មា ភូមិប្រធាតុ ឃុំព្រែកស្ដី ស្រុកកោះធំ ខេត្តកណ្ដាល ។

លោកវរសេនីយ៍ ឈឿន ប៊ុនឆន អធិការស្រុកកោះធំ បានប្រាប់ឲ្យដឹងថា ជនសង្ស័យចំនួន៥នាក់ ទី១ឈ្មោះ ថូ ភារម្យ (ហៅ ព្រំ) ភេទប្រុស អាយុ២៩ ឆ្នាំ ស្នាក់នៅភូមិក្បាលកោះទៀវ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរមិនពិតប្រាកដ ។ទី២ឈ្មោះ ឡេង ឡឹង ភេទប្រុស អាយុ២៩ ឆ្នាំ ស្នាក់នៅភូមិក្បាលកោះទៀវ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរកម្មករ។ ទី៣ឈ្មោះ អ៊ុ សំណាង ភេទប្រុស អាយុ២៦ឆ្នាំ ស្នាក់នៅភូមិក្បាលកោះទៀវ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ កម្មករ។ ទី៤ឈ្មោះ លាភ សុផល ភេទប្រុស អាយុ ២០ឆ្នាំ ស្នាក់នៅភូមិកោះទៀវ(ក) ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ មិនពិតប្រាកដ និងទី៥ឈ្មោះ ផាន ភ័ណ្ឌ ភេទប្រុស អាយុ២១ ឆ្នាំ ស្នាក់នៅភូមិព្រែកសែម ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរកម្មករ ។

លោកអធិការបញ្ជាក់ថា ក្រោយទទួលបានព័ត៌មានពីការជួញដូរគ្រឿងញៀនខុសច្បាប់ក្នុងឃុំព្រែកស្តី កម្លាំងអធិការដ្ឋាននគរបាលស្រុកកោះធំបានចុះស្រាវជ្រាវអង្កេតអស់រយៈពេលប្រមាណ ១២ថ្ងៃ លើមុខសញ្ញាដែលជាអ្នកលក់គ្រឿងញៀនដ៏សកម្មទើបចេញពីពន្ធនាគារអំឡុងខែតុលា ឆ្នាំ២០១៦ ទីបំផុតត្រឹមពេលវេលាម៉ោង ២និង៣០នាទី ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៦ កម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកកោះធំបង្ក្រាបបានមុខសញ្ញាជួញដូរគ្រឿងញៀនម្នាក់ឈ្មោះ ឡេង ឡឹង ភេទប្រុស រួមជាមួយគ្រឿងញៀនជាប់ខ្លួនចំនួន១៩កញ្ចប់តូច ប្រភេទម៉ាទឹកកក នៅជាប់នឹងខ្លួនជនសង្ស័យ។

តាមការសាកសួរបឋម ជនសង្ស័យ ឡេង ឡឹង សារភាពថា គ្រឿងញៀនទាំងអស់នេះគឺខ្លួនជាអ្នកកាន់លក់ឲ្យមេធំឈ្មោះ ថូ ភារម្យ (ហៅព្រំ) ភេទប្រុស មានទីលំនៅភូមិក្បាលកោះទៀវ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល ។ បន្ទាប់ពីបានចម្លើយសារភាពនេះ សមត្ថកិច្ចនគរបាលស្រុកកោះធំ សហការជាមួយកម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលព្រែកស្ដី និងប៉ុស្ដិ៍រដ្ឋបាលសំពៅពូន បានបន្តស្រាវជ្រាវស្វែងរកឈ្មោះ ថូ ភារម្យ ហើយឃាត់ខ្លួនបាននៅវេលាម៉ោង៤និង២០នាទី រួមនិងកូនចៅគេម្នាក់ទៀតឈ្មោះ អ៊ុ សំណាង (ជាអ្នកកាន់ថ្នាំញៀនលក់ និងជាប្អូនថ្លៃ) ត្រង់ចំណុចផ្ទះរបស់ឈ្មោះ ថូ ភារម្យ ក្នុងភូមិក្បាលកោះទៀវ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល រួមជាមួយគ្រឿងញៀនចំនួន៨៧កញ្ចប់ (០៩ កញ្ចប់ធំ) និងសម្ភារៈវេចខ្ចប់គ្រឿងញៀនសម្រាប់លក់មួយចំនួនទៀតនៅក្នុងផ្ទះជនសង្ស័យតែម្តង ។ រួចបន្តទៅឃាត់ខ្លួនបានជនសង្ស័យ២ នាក់ទៀតដែលជាអ្នកទិញគ្រឿងញៀនជក់ និងលក់បន្តឲ្យឈ្មោះ ថូ ភារម្យ គឺឈ្មោះ លាភ សុផល និង ផាន ភ័ណ្ឌ ។

តាមចម្លើយសារភាពរបស់ជនសង្ស័យ ថូ ភារម្យ ថ្នាំញៀនចំនួនទាំង១០៦ កញ្ចប់ខាងលើនេះគឺពិតជារបស់រូបគេប្រាកដមែន ហើយឈ្មោះ អ៊ុ សំណាង និង ឡេង ឡឹង គឺជាអ្នកកាន់ថ្នាំញៀនលក់បន្តឲ្យខ្លួន។ ចំពោះជនសង្ស័យ ថូ ភារម្យ (ហៅ ព្រំ) គឺជាមុខសញ្ញាទើបតែដោះលែងចេញពីពន្ធនាគារ កាលពីថ្ងៃ ២១ ខែ តុលា ឆ្នាំ ២០១៦ ដោយជាប់ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ។ បន្ថែមអំពីនេះ ឈ្មោះ ថូ ភារម្យ (ហៅពុំ ហៅព្រំ ហៅរ៉ុម) ធ្លាប់ជាប់ពន្ធនាគារពីរដងរួចមកហើយគឺលើកទី១ ខែមិនា ឆ្នាំ ២០១២ ជាប់ពីបទ រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន មានទោស២ឆ្នាំ ជាប់បាន៨ ខែនិងភ្ជួរ១៤ខែ។ លើកទី២ ខែ តុលា ២០១៣ ជាប់ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន មានទោស៣ ឆ្នាំ ដោយជាប់បាន ១ ឆ្នាំកន្លះនៅពន្ធនាគារតាខ្មៅ រួចក៏ត្រូវផ្ទេរទៅត្រពាំងថ្លុង១ឆ្នាំកន្លះទៀតព្រោះឆ្មាំគុករកឃើញលក់ថ្នាំញៀនក្នុងពន្ធនាគារតាខ្មៅ ។ ករណីថ្ងៃទី ៨ខែធ្នូ ២០១៦នេះ បើចៅក្រមសម្រេចចោទមានទោស នោះគឺជាលើកទី៣សម្រាប់ថូ ភារម្យ ដែលត្រូវជាប់ពន្ធនាគារ៕

https://youtu.be/nHXk9vNEYFA

មតិយោបល់