ព័ត៌មានបច្ចេកវិទ្យា

របៀបជ្រើសរើសម៉េមូរីកាត MicroSD ឱ្យត្រូវនឹងទូរស័ព្ទ Android របស់អ្នក

ប្រិយមិត្តដែលនិយមប្រើប្រាស់ទូរស័ព្ទដំណើរការដោយប្រព័ន្ធ Android និង iOS ចូលចិត្តប្រៀបធៀបលក្ខណៈសម្បត្តិទូរស័ព្ទរបស់គ្នាទៅវិញទៅមកណាស់ ខណៈទូរស័ព្ទប្រភេទទាំងពីរសុទ្ធតែមានចំណុចខ្លាំង និងចំណុចខ្សោយរៀងៗខ្លួន។ សម្រាប់ទូរស័ព្ទប្រភេទ Android គឺមានចំណុចខ្លាំងមួយដែលអ្នកប្រើប្រាស់ពេញចិត្តបំផុត ដោយនោះគឺ គេអាចបន្ថែមម៉េមូរីកាតប្រភេទ MicroSD ទៅក្នុងទូរស័ព្ទដើម្បីបង្កើនទំហំផ្ទុកទិន្នន័យបាន។ ប៉ុន្តែ ម៉េមូរីកាតប្រភេទនេះ មានសមត្ថភាព និងកម្រិតល្បឿនខុសៗគ្នា បើទោះជាវាមើលទៅដូចគ្នាក៏ដោយ។ ជាអាទិ៍ វាមានបែងចែកចេញជាពពួក SDHC, SDXC និងមានបែងចែកជា Class ខុសៗគ្នាជាដើម។ ដូច្នេះ ដើម្បីឆ្លើយតបទៅនឹងសំណួរ ថាតើទូរស័ព្ទ Android របស់អ្នក គួរប្រើជាមួយម៉េមូរីកាតប្រភេទមួយណា Post Tech នឹងលើកយកមកបង្ហាញដូចតទៅ៖

១- មើលលើសមត្ថភាព

នេះគឺជាចំណុចសំខាន់បំផុតដែលអ្នកត្រូវពិនិត្យមើល។ ម៉េមូរីកាត microSD ចែកចេញជាពីរពួកគឺ SDHC (Secure Digital High Capacity) និង SDXC (Secure Digital Extended Capacity) ដោយ SDHC មានសមត្ថភាពផ្ទុកទិន្នន័យចាប់ពី 4GB ទៅ 32GB ឯពពួក SDXC មានសមត្ថភាពផ្ទុកទិន្នន័យចាប់ពី 32GB រហូតដល់ 2TB។

ចំពោះពពួកកាត MicroSD មួយណាដែលអ្នកគួរជ្រើសរើស គឺអាស្រ័យទៅតាមតម្រូវការនៃទំហំផ្ទុកទិន្នន័យលើទូរស័ព្ទរបស់អ្នក។ ប្រសិនបើអ្នកត្រូវការថតរូបភាព-វីដេអូ ឬចង់រក្សាខ្សែភាពយន្ត និងបទចម្រៀងច្រើនសម្រាប់ទុកចាក់ស្តាប់ និងទស្សនា អ្នកអាចជ្រើសយកម៉េមូរីដែលមានទំហំផ្ទុកធំបំផុត អាចរក្សាឯកសារប្រភេទកម្សាន្តទាំងនោះបានតាមចិត្ត។ ពិតណាស់តម្លៃកាត អាស្រ័យលើសមត្ថភាពរបស់វា ប៉ុន្តែ អ្នកត្រូវប្រាកដថា ទូរស័ព្ទ Android របស់អ្នក អាចគាំទ្រសមត្ថភាពរបស់វាបាន។ ជាទូទៅ ទូរស័ព្ទ Android លំដាប់ថ្នាក់ទាបៗ អាចដាក់បន្ថែមតែកាតពពួក SDHC ដែលមានទំហំផ្ទុកទិន្នន័យខ្ពស់បំផុតត្រឹម 32GB ប៉ុណ្ណោះ។ តែបើអ្នកនៅតែចង់ជ្រើសរើសយកម៉េមូរីធំជាងនេះ សម្រាប់ផ្ទុករូបថត បទចម្រៀង វីដេអូ និងខ្សែភាពយន្តរបស់អ្នក វាក៏មិនប៉ះពាល់ដល់គុណភាពឯកសារទាំងនោះដែរ។

២- មើលលើកម្រិតល្បឿន

ម៉េមូរីកាត SD មានកម្រិតល្បឿនអាន/បញ្ជូនទិន្នន័យខុសៗគ្នា ដោយវាត្រូវបានបែងចែកជា Class 2, 4, 6, ដល់ 10 ហើយកម្រិតល្បឿននេះ អាចប៉ះពាល់ដល់ដំណើរការប្រើប្រាស់របស់ទូរស័ព្ទបាន។ ក្នុងនោះ លេខ 2, 4, 6, 10 គឺសម្គាល់កម្រិតល្បឿនបញ្ជូនទិន្នន័យអប្បបរមា។ ឧទាហរណ៍ Class 2 សម្គាល់ល្បឿនអប្បបរមា 2MB/វិនាទី។
បច្ចុប្បន្ន ល្បឿនម៉េមូរីកាត MicroSD ត្រូវបានបង្កើនដល់កម្រិត UHS (Ultra High Speed) និងបែងចែកជា Class 1 (ល្បឿន 10MB/វិនាទី) និង Class 3 (ល្បឿន 30MB/វិនាទី)។ ម៉េមូរីកាតថ្មីនេះ មិនទាន់មានទូរស័ព្ទប្រភេទ Android ច្រើននោះទេ ដែលអាចគាំទ្រជាមួយសមត្ថភាពរបស់វានោះ ប៉ុន្តែ ពួកវានឹងមកដល់ក្នុងពេលឆាប់ៗខាងមុខ។

សរុបមក ម៉េមូរីកាតដែលល្អបំផុត គឺអាស្រ័យទៅលើ ថាតើអ្នកយកវាទៅប្រើសម្រាប់ធ្វើអ្វីនៅលើទូរស័ព្ទ Android របស់លោកអ្នក។ បើអ្នកគ្រាន់តែចង់យកវាសម្រាប់តែផ្ទុកបទចម្រៀង វីដេអូ ឬខ្សែភាពយន្ត អ្នកមិនចាំបាច់ត្រូវការម៉េមូរីដែលមានល្បឿនលឿនពេកនោះទេ ព្រោះបើល្បឿនកាន់តែលឿន តម្លៃក៏កាន់តែថ្លៃទៅតាមនោះដែរ។ តែបើអ្នកចង់ប្រើវាដើម្បីរក្សារូបថតប្រភេទ RAW ឬថតវីដេអូខ្នាត 4k អ្នកគួរតែជ្រើសយកម៉េមូរីដែលមានល្បឿនខ្ពស់បំផុត៕

ប្រភពព័ត៌មាន៖ maketecheasier

មតិយោបល់