ព័ត៌មានជាតិ

រថយន្ត២គ្រឿងព្រលះគ្នាពេញទំហឹង បណ្តាលឲ្យមនុស្ស៤នាក់របួសធ្ងន់និងស្រាល

ពោធិ៍សាត់ៈ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង បន្ទាប់ពីរថយន្ត២គ្រឿងបានបុកគ្នាពេញទំហឹង បណ្តាលឲ្យមនុស្ស៣នាក់រងរបួសធ្ងន់ និងម្នាក់ទៀតរងរបួសស្រាល ត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១១និង៣០នាទី ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅចំណុចជាតិលេខ៥ ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៤៤-១៤៥ ក្នុងភូមិសានស ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តម៉ាក ហាយឡែនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ បន្ទាយមានជ័យ 2A-6488 បើកបរដោយបុរសម្នាក់ ឈ្មោះ វ៉ាន់ សុខន អាយុ៥៦ឆ្នាំ ស្នាក់នៅភូមិចំការខ្នុរ ឃុំខ្នុរ ស្រុកសេរីសោភ័ណ ខេត្តបន្ទាយមានជ័យ បើកបរក្នុងទិសដៅពីលិចទៅកើត លុះបានមកដល់ចំណុចកើតហេតុ ក៏បានរេចង្កូតទៅបុកជាមួយរថយន្តឡិចស៊ីស RX300 ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2G-3857 ក្នុងទិសដៅស្របទិសគ្នា បើកបរដោយឈ្មោះ អៀង ប៊ុនរ៉េត អាយុ៣១ឆ្នាំ ភេទប្រុស ស្នាក់នៅភូមិភ្នំតូច ឃុំភ្នំតូច ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ស្រាប់តែរថយន្តទាំង២គ្រឿងបានបុកគ្នាពេញទំហឹង បណ្តាលឲ្យមនុស្ស៤នាក់ រងរបួសក្នុងនោះមានម្នាក់របួសស្រាល និង៣នាក់រងរបួសធ្ងន់ត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យនៅឯភ្នំពេញ។

ក្រោយពីកើតហេតុ រថយន្តទាំង២គ្រឿងត្រូវបានសមត្ថកិច្ចនាំយកមករក្សាទុកនៅ អធិការដ្ឋាននគរបាលស្រុកក្រគរ ដើម្បីរង់ចាំម្ចាស់ចូលខ្លួនមកដោះស្រាយគ្នាពេលក្រោយតាមផ្លូវច្បាប់៕

មតិយោបល់