ព័ត៌មានជាតិ

ឃើញសង្សារអង្គុយជាមួយប្រុសផ្សេងក្នុងរោងការ ស្ទុះវាយបាក់ធ្មេញ

បន្ទាយមានជ័យ: នាងក្រមុំវ័យក្មេងម្នាក់ ត្រូវបានបុរសជាសង្សារវាយបាក់ធ្មេញព្រោះតែទូរសព្ទមិនចូល និងរកមិនឃើញ លុះពេលរកឃើញនាងនៅក្នុងរោងការអង្គុយសើចក្អាកក្អាយក្បែរប្រុសផ្សេង។ ហេតុការណ៍នេះ កើតឡើងកាលពីរសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចរោងការ ស្ថិតក្នុងភូមិប្រជាធម្ម សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ក្រោយកើតហេតុ សមត្ថកិច្ចអាវុធហត្ថមូលដ្ឋានក្រុងប៉ោយប៉ែតបានឃាត់ខ្លួនជនដៃដល់ជាសង្សារ ក្រោយពីទទួលបានពាក្យបណ្ដឹងនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦ របស់ជនរងគ្រោះ។

លោកវរសេនីយ៍ត្រី ព្រហ្ម ថេង ប្រធានមន្ទីរយុត្តិធម៌បានឲ្យដឹងថា នារីរងគ្រោះឈ្មោះ ប្រម ពីសី អាយុ១៩ឆ្នាំ មុខរបរកម្មកររោងចក្រអូរនាង រស់នៅភូមិអូរឫស្សីក្រោម សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ រីឯបុរសដែលត្រូវចាប់ពីបទហិង្សាដោយចេតនាមានឈ្មោះ ហេវ ផល្លី អាយុ២៣ឆ្នាំ រស់នៅបណ្ដោះអាសន្ន ភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

នៅមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនគេពិតជាបានប្រព្រឹត្តអំពើវាយតប់ទៅលើនារីរងគ្រោះឈ្មោះប្រម ពីសី បណ្ដាលឲ្យបាក់ធ្មេញ និងរងរបួសពិតប្រាកដមែន ដោយសារតែនឹងគេទូរសព្ទមិនចូល។ មួយវិញទៀតខ្លួនគេបានជិះម៉ូតូដើររកឃើញនាងអង្គុយសើចក្អាកក្អាយជាមួយប្រុសផ្សេងទៀតផង។ ព្រោះតែភ្លើងប្រច័ណ្ឌទើបធ្វើឲ្យខ្លួនគេទប់អារម្មណ៍មិនបានក៏កើតជាអំពើហិង្សាតែម្តង។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តដើម្បីផ្ដន្ទាទោសតាមផ្លូវច្បាប់៕

មតិយោបល់