Post News Media ព័ត៌មានជាតិ រថយន្តឡិចស៊ីស...

រថយន្តឡិចស៊ីសបុកម៉ូតូពេញទំហឹង របួសធ្ងន់បុរស២នាក់ នៅស្រុកបាកាន!

ពោធិ៍សាត់: កាលពីវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូ បណ្តាលឲ្យមនុស្ស២នាក់រងរបួសធ្ងន់ នៅចន្លោះគីឡូម៉ែត្រលេខ១៩៥-១៩៦ នៅឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់។

រថយន្តម៉ាកឡិចស៊ីស 300 ពណ៌ទឹកមាស (អ្នកបើកបរមិនស្គាល់អត្តសញ្ញាណរត់គេចខ្លួន) មានអ្នករួមដំណើរឈ្មោះ នួន ធិករាជ ភេទប្រុស អាយុ៦០ឆ្នាំ មានទីលំនៅសង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក ក្រុងភ្នំពេញ និងឈ្មោះ ផុន សុខ ភេទប្រុស អាយុ៥៧ឆ្នាំ មានទីលំនៅជាមួយគ្នា និងម្នាក់ទៀតឈ្មោះ ជា ម៉ាណែត ភេទប្រុស អាយុ៤៣ឆ្នាំ នៅសង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ បើកបរក្នុងទិសដៅពីកើតទៅលិច។ លុះមកដល់ចំណុចកើតហេតុ បានបុកជាមួយម៉ូតូ ម៉ាកវ៉េវអាល់ហ្វា ពណ៌ខ្មៅ គ្មានស្លាកលេខ ចេញពីផ្លូវគ្រួសក្រហម ស្នាក់នៅភូមិស្តុកស្វាយ ជិះឆ្លងផ្លូវពីជើងទៅត្បូង ជិះដោយឈ្មោះ ផុន រិទ្ធ ភេទប្រុស អាយុ២៦ឆ្នាំ នៅភូមិស្រីបណ្ឌិត ឃុំស្លា ស្រុកសំរោង ខេត្តតាកែវ(របួសធ្ងន់បញ្ជូនទៅមន្ទីរពេទ្យខេត្តពោធិ៍សាត់) បា​នឌុបឈ្មោះ រ៉េត រិន ភេទប្រុស អាយុ២១ឆ្នាំ នៅភូមិឃុំកើតហេតុ (របួសធ្ងន់បញ្ជូនទៅមន្ទីរពេទ្យខេត្តពោធិ៍សាត់)។

ចំពោះករណីនេះ សមត្ថកិច្ចបានប្រគល់ឲ្យចរាចរណ៍ខេត្តពោធិ៍សាត់៕