GUASS បានប្រសូតក្នុងត្រកូលគ្រួសារមួយដែលមានជីវភាពមធ្យម។ ឪពុករបស់គាត់ខំប្រឹងប្រែងធ្វើការមិនថា ធ្ងន់ឬស្រាលនោះទេ ដើម្បីចិញ្ជឹមគ្រួសារ។ ម្តាយរបស់ GUASS ជាស្រី្តម្នាក់ដែលមានប្រាជ្ញវាងវៃ ។ GUASS អាណិតស្រលាញ់ម្តាយរបស់ខ្លួនយ៉ាងខ្លាំងហើយបានមើលថែរក្សាម្តាយរបស់ខ្លួនអស់រយៈពេល ២២ ឆ្នាំមុនម្តាយទទួលមរណភាព។
តាំងពីក្មេង GUASS តែងតែបានបង្ហាញសមត្ថភាពក្នុងការគណនារបស់គេដែលធ្វើឲ្យឪពុកម្តាយ លោកគ្រូអ្នកគ្រូមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ មានរឿងមួយដែលគេតែងតែនិទានអំពីកុមារ GUASS កាលវ័យសិក្សាក្នុងបឋមសិក្សា ដោយសារ GUASS ជាក្មេងរពិស ហេតុនេះ លោកគ្រូបានដាក់លំហាត់មួយដែលមានលក្ខណពិបាកសំរាប់ GUASS គិត គឺ គណនាផលបូក ១+២+…….+៩៩+១០០ ។ ក្រោយមក GUASS គណនាឃើញលទ្ធផលបានយ៉ាងលឿនលើសពីការគិតរបស់លោកគ្រូ។ លោកគ្រូបានសួរទៅ GUASS ពីរបៀបគណនាលំហាត់នោះ GUASS បានឆ្លើយថា គាត់បានបង្កើតលេខថែមជួរទៀតដែលបញ្ច្រាសលេខជា ៥០ តួស្មើគា្ន រួចយកលេខដែលធំ បូក នឹងលេខតូច ដូចជា ១+៩៩, ២+៩៨,……, នោះគាត់សង្កេតឃើញថា គ្រប់តួរសុទ្ធតែស្មើនឹង១០១ នោះគាត់ក៏បានយក ១០០*១០១/២ រួចក៏បានលទ្ធផលមួយដែលត្រឹមត្រូវ ។ នោះក៏បានក្លាយជារូបមន្តសំរាប់គណនា ផលបូកស្វីតនព្វន្តរហូតមកដល់សព្វថ្ងៃនេះ។
ដោយសារជីវភាពគ្រួសារមានការលំបាក ឪពុករបស់ GUASS ចង់ឲ្យគាត់ឈប់សិក្សារួចមកជួយការងាររបស់គាត់តែ ដោយស្តាប់តាមយោបល់របស់លោកគ្រូអ្នកគ្រូគាត់ក៏បានអនុញ្ញាតឲ្យ GUASS បានបន្តការសិក្សា។គាត់មានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះលេខនព្វន្ត។ក្នុងរយៈពេលកំពុងសិក្សាក្នុងសាកលវិទ្យាល័យគាត់បានរកឃើញទ្រឹស្តីបទសំខាន់ៗមួយចំនួនក្នុងផ្នែក គណិតវិទ្យា។
GUASS ជាមនុស្សដែលមានសមត្ថភាពធ្វើការមួយគ្មានពីរ។ ទោះក្នុងកាលៈទេសៈលំបាកយ៉ាងណាក៏ដោយគាត់នៅតែអាចធ្វើការនិពន្ធ និង ស្រាវជ្រាវទ្រឹស្តី គណិតវិទ្យាបានជានិច្ច។ គាត់មានស្នាដៃជាច្រើនតែគាត់សំរេចចិត្តបោះពុម្ពតែស្នាដៃណាដែលមានភាពសុក្រឹតបំផុតតែប៉ុនោះ។ គាត់ជាមនុស្សដែលចូលចិត្តភាពស្ងៀមស្ងាត់ និង ពេលទំនេរគាត់តែងតែចូលចិត្តអានសៀវភៅក្នុងបណ្ណាល័យ ។ គាត់ក៏ចូលចិត្តអានសៀវភៅប្រលោមលោកផងដែរ តែជាប្រលោមលោកណាដែលមានតំលៃអប់រំ។
ក្នុងរយៈពេលចុងក្រោយនៃជីវិតរបស់ GUASS គាត់បានឆ្លៀតរៀនភាសារុស្សីបានយ៉ាងស្ទាត់ជំនាញថែមទៀតផង។ ក្រោយពេលដែល GUASS បានទទួលមរណភាព មិត្តរបស់គាត់ម្នាក់ដែលជាវេជ្ជបណ្ឌិតបានវះកាត់ខួរក្បាលរបស់ GUASS ដើម្បីសង្កេតរកចំនុចដែលខុសប្លែកដែលធ្វើឲ្យគាត់មានខួរក្បាលមួយដ៏អស្ចារ្យ ។ តែលទ្ធផលបានបង្ហាញថា ខួរក្បាលរបស់ GUASS មិនមានអ្វីខុសប្លែកពីខួរក្បាលរបស់មនុស្សធម្មតានោះទេ។ បច្ចុប្បន្ន ខួរក្បាលរបស់ GUASS ត្រូវបានគេថែរក្សាក្នុងសាកលវិទ្យាល័យមួយទុកសំរាប់អ្នកជំនាន់ក្រោយធ្វើជាគំរូ៕
ប្រែសម្រួលអត្ថបទដោយ៖ លោក ម៉ៅ សុខេន
មតិយោបល់