តាកែវ ៖ ករណីគ្រោះថ្នាក់ចរាចរ រថយន្តបុកជាមួយម៉ូតូបណ្តាលឲ្យអ្នកជិះម៉ូតូ ២នាក់ រងរបួសធ្ងន់ ចំណែងអ្នកបើកបររថយន្តគេស្គាល់ជានាយរងប៉ុស្ដិ៍ម្នាក់ មិនព្រមចូលខ្លួនមកដោះស្រាយ បែរជារត់គេចខ្លួនបាត់ស្រមោល។
ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង១៦និង៣០នាទីល្ងាច ថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៦ នៅលើផ្លូវជាតិលេខ០២ ចំណុចភូមិពេជសារ ស្រុកកោះអណ្តែត ខេត្តតាកែវ។
អ្នកឃើញហេតុការណ៍ បានឲ្យដឹងថា រថយន្ដបង្កម៉ាកកាមេរី ហាយប្រ៊ីត ពណ៌ទឹកមាស ពាក់ស្លាកលេខ ក្លែងក្លាយលេខ ភ្នំពេញ 2L 8892 បើកបរដោយលោកនាយរងប៉ុស្តិ៍ច្រកទ្វាអន្តរជាតិភ្នំដិនម្នាក់ឈ្មោះ ប៊ុន ចន្ថា អាយុ ៤៨ ឆ្នាំ មានទីលំនៅភូមិ២ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ។ ចំណែកជនរងគ្រោះជិះម៉ូតូម៉ាក PCX ពាក់ស្លាកលេខ តាកែវ 1G 4694 អ្នកបើកបរមានឈ្មោះ ប្រាក់ សុខុម ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិក្រាំ សង្កាត់រកាក្រៅ ក្រុងដូនកែវ អ្នករួមដំណើរជាមួយឈ្មោះ នី មានថៃ ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិថ្នល់បែក សង្កាត់រកាក្រៅ ក្រុងដូនកែវ ។
ប្រភព បានបន្ដទៀតថា ក្រោយពីកើតហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះហើយ ជនបង្កជាមន្ត្រីសមត្ថកិច្ច រូបនេះ មិនព្រមនៅដោះស្រាយជាមួយជនរងគ្រោះ បែរជារត់គេចខ្លួន ធ្វើឲ្យប្រជាពលរដ្ឋហួសចិត្តយ៉ាងខ្លាំង មិនត្រឹមតែប៉ុណ្ណោះ ថែមទាំងពាក់ស្លាកលេខរថយន្តក្លែងក្លាយធ្វើចរាចរទៀត។
បច្ចុប្បន្នរថយន្ត និងម៉ូតូត្រូវបានយកមករក្សាទុកបណ្ដោះអាសន្ននៅស្នងការដ្ឋាននគរបាលខេត្តតាកែវ ដើម្បីរង់ចាំសាមីខ្លួនមកធ្វើការដោះស្រាយ៕
ព័ត៌មានជាតិ
មតិយោបល់