រតនគិរី៖ កម្លាំងកងរាជអាវុធហត្ថ ស្រុកអូរយ៉ាដាវ ឃាត់ខ្លួន បុរសម្នាក់ បន្ទាប់ពីកាន់គ្រាប់បែក តាមខ្លួនដើររកកន្លែងផឹកស៊ី សង្ស័យ ករណីលាក់ទុកគ្រឿងផ្ទុះខុសច្បាប់។
ការឃាត់ខ្លួននេះ បានធ្វើឡើងកាលពីវេលាម៉ោង៤នឹង២៩ នាទីល្ងាចថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៦នៅចំណុចភូមិ សោមត្រក់ចាស់ ឃុំសោមធំ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ។
លោក វរសេនីយ៍ត្រី សុខ មីន មេបញ្ជាការកងរាជអាវុធហត្ថស្រុកអូរយ៉ាដាវ បានប្រាប់ឲ្យដឹងថា កម្លាំងអាវុធហត្ថ ប្រទះឃើញ បុរសជនសង្ស័យមាន គ្រាប់បែកដៃ១គ្រាប់ដាក់តាមខ្លួនកំពុងដើររកកន្លែងផឹកស៊ី។ លោក បានបន្តទៀតថា ជនសង្ស័យ មាន ឈ្មោះ រម៉ាម ដួល អាយុ៤០ឆ្នាំ ជនជាតិចារ៉ាយ មានទីលំនៅ កន្លែងកើតហេតុខាងលើ។
លោក បញ្ជាក់ទៀតថា នៅព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៦ នេះកម្លាំងកងរាជអាវុធហត្ថ ស្រុកអូរយ៉ាដាវ បានកំពុងរៀបចំសំណុំបែបបទ បញ្ជូនជនសង្ស័យ និងវត្ថុ តាងទៅ កាន់ទីបញ្ជាការកងរាជអាវុធហត្ថ ខេត្តរតនគិរី ដើម្បីចាត់ការ បន្តទៅតាមនីតិវិធីនៃច្បាប់៕
មតិយោបល់