ព័ត៌មានជាតិ

ជិះម៉ូតូឆក់ទូរសព្ទដៃបានសម្រេច តែរត់មិនរួច ជាប់ខ្នោះអាវុធហត្ថ

ភ្នំពេញ: ជនសង្ស័យ២នាក់បានធ្វើសកម្មភាពឆក់ទូរសព្ទម៉ាក SAMSUNG ពីនារីរងគ្រោះបានសម្រេចហើយជិះម៉ូតូរត់គេចមិនរួចត្រូវជាប់ខ្នោះអាវុធហត្ថ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៨និង៤០នាទី យប់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៦ ត្រង់ចំណុចមុខឃ្លាំងក្រុមហ៊ុនស្រាប៊ៀរអង្គរ ផ្លូវនរោត្ដម ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ។

ជនសង្ស័យទាំង២នាក់ ទី១មានឈ្មោះ ធីប៊ុន ឈូ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ១៦៧ ផ្លូវលំ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល (ជាអ្នកឆក់) និងជនសង្ស័យទី២ឈ្មោះ ផល ផានិត ភេទប្រុស អាយុ២២ឆ្នាំ មុខរបរកម្មករលាងរថយន្ត ស្នាក់នៅផ្ទះជួល ក្រុងតាខ្មៅ ខេត្តកណ្ដាល។ ម៉ូតូដែលជនសង្ស័យជិះធ្វើសកម្មភាពម៉ាក Suzuki Smash ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្ដាល 1D-5615 និងយកបានទូរសព្ទជនរងគ្រោះមកវិញ ។ចំណែកជនរងគ្រោះមិនបានស្គាល់ឈ្មោះទេ បន្ទាប់ពីជនសង្ស័យឆក់ហើយមិនបានមកដាក់ពាក្យបណ្ដឹងនោះដែរ ។

សាក្សីដែលឃើញហេតុការណ៍បានឲ្យដឹងថាមុនពេលកើតហេតុគេឃើញជនសង្ស័យ២នាក់ ជិះម៉ូតូមួយគ្រឿង តាមបណ្តោយផ្លូវ ព្រះនរោត្តម ទិសដៅពីត្បូងទៅជើង ខណ:មកដល់មុខក្រុមហ៊ុនស្រាប៊ៀរអង្គរ ក៏ឃើញជនរងគ្រោះជិះម៉ូតូ Fino ម្នាក់ឯងនិយាយទូរសព្ទ ពេលនោះពួកគេឃើញឱកាសល្អក៏ធ្វើសកម្មភាពឆក់យកទូរសព្ទម៉ាកសាំសុងបានសម្រេច តែដោយសារមានប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍នាំគ្នាជិះម៉ូតូដេញតាម និងស្រែកថាចោរៗទើបកម្លាំងអាវុធហត្ថដែលល្បាតនៅក្បែរនោះបានដេញតាមរហូតដល់ចំណុចមុខហាងនំបុ័ងបាយ័នទើបចាប់ឃាត់ខ្លួនពួកគេបានទាំង២នាក់តែម្ដង ។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងអាវុធហត្ថនាំមកសួរនាំនៅទីបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថខណ្ឌចម្ការមន ដើម្បីកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់ តុលាការចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់