ត្បូងឃ្មុំៈ កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានអនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួន អតីតមន្ត្រីនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលម្នាក់ឈ្មោះ ព្រំ ទឹត្យា ហៅលុច ជាមន្ត្រីនគរបាលខេត្តត្បូងឃ្មុំ ដែលត្រូវបានបណ្តេញចេញពីជួរ បន្ទាប់ពីបានទទួលការអប់រំ និងព្រមានជាច្រើនលើកតែនៅមិនរាងចាល គឺជាមុខសញ្ញាជួញដូរ និងចែកចាយគ្រឿងញៀន ធ្វើសកម្មភាពក្នុងទឹកដីខេត្តត្បូងឃ្មុំ ដោយមិនញញើតជាមួយនឹងកងកម្លាំងមានសមត្ថកិច្ចឡើយ។
នៅរសៀល ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៦ កម្លាំងជំនាញប្រឆាំងគ្រឿងញៀន ដែលដឹកនាំដោយលោក វរសេនីយ៍ទោ ជា ជឿន បានតាមប្រមាញ់ និងចាប់ខ្លួនជនរូបនេះ តាមអំណាចដីកាបង្គាប់ឲ្យចាប់ខ្លួន លេខ១៥ ចុះថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៥ ខណៈជននេះកំពុងដឹកមាន់ជល់១ក្បាលចេញពីកាស៊ីណូមួយកន្លែង នៅភូមិក្រែកត្បូង ឃុំក្រែក ស្រុក ពញាក្រែក ខេត្តត្បូងឃ្មុំ។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅស្នងការដ្ឋាននគរបាលខេត្ត និងត្រូវបញ្ជូនទៅតុលាការនៅថ្ងៃទី២៣ ខែធ្នូខាងមុខនេះ។
ក្រោយពីបង្ក្រាបជនសង្ស័យខាងលើ លោកឧត្ដមសេនីយ៍ទោ បែន រ័ត្ន ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានប្រកាសឲ្យមន្ត្រីនគរបាលខេត្តត្បូងឃ្មុំណា ដែលមានជាប់ពាក់ព័ន្ធគ្រឿងញៀន ត្រូវបញ្ឈប់ជាបន្ទាន់ ហើយបើនៅតែបន្តទៀតនោះ លោកនឹងចាត់វិធានការតាមផ្លូវច្បាប់ដោយមិនលើកលែងឡើយ៕



មតិយោបល់