ភ្នំពេញៈ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង បន្ទាប់ពីបុរសម្នាក់ បានបើករថយន្តម៉ាកតាកូម៉ាក្នុងល្បឿនលឿន ទំនងជាស្រវឹងបានជ្រុលចង្កូតទៅបុករបាំងថ្មចែកទ្រូងផ្លូវយ៉ាងពេញទំហឹង បណ្តាលឲ្យរងការខូចខាតផ្នែកក្បាលរថយន្តខាងមុខយ៉ាងដំណំ ចំណែករបាំងថ្ម រងការខូចខាតបន្តិចបន្តួច។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅចំណុចខាងមុខក្ដាន់ពីរ តាមបណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្ដបង្កម៉ាក TOYOTA TAKOMA ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 2P-2564 បើកបរដោយបុរសម្នាក់ទំនងជាស្រវឹង ក្នុងល្បឿនលឿនធ្វើដំណើរតាមបណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ីទិសដៅពីកើតទៅលិច លុះបានមកដល់ចំណុចកើតហេតុ រថយន្ដបានរេចង្កូតទៅបុករបាំងថ្ម ចែកទ្រូងយ៉ាងពេញទំហឹង បណ្ដាលឲ្យរថយន្ដរងការខូចខាតផ្នែកខាងមុខទាំងស្រុង ចំណែករបាំងថ្មចែកទ្រូងផ្លូវ រងការខូចខាតបន្តិចបន្តួច។
ប្រភពដដែលបានបន្តថា ក្រោយកើតហេតុ ម្ចាស់រថយន្ដ បានបើកទ្វាររថយន្ដ ចុះគេចខ្លួនបាត់ ដោយបន្សល់រថយន្ដទុកនៅកន្លែងកើតហេតុ។ ក្រោយមកទើបកម្លាំងសមត្ថកិច្ចចុះដល់កន្លែងកើតហេតុ ដោយបានសហការជាមួយកម្លាំងជំនាញ ចុះធ្វើការវាស់វែង និងស្ទូចយករថយន្ដបង្កខាងលើ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីដោះស្រាយគ្នាតាមនីតិវិធីច្បាប់៕
មតិយោបល់