ព័ត៌មានជាតិ

ទំនួញឪពុក៖ កូនស្រីខ្ញុំស្លាប់ មកពីគ្រូពេទ្យគ្មានជំនាញ និងសមត្ថភាព

សៀមរាបៈ កូនស្រីជាទីស្រឡាញ់ស្មើកែវភ្នែក ស្មើជីវិតបានចាកចោលឪពុក ចោលម្តាយ ចោលបងប្អូនទាំងអស់គ្នាឆ្ងាយហើយគ្មានវិលវិញមកជួបជុំឪពុកម្តាយទៀតទេ ដោយសារទង្វើរបស់គ្រូពេទ្យគ្មានសមត្ថភាពគ្មានជំនាញ។ នេះគឺជាពាក្យទួញសោករបស់លោកពូម្នាក់ ដែលកូនស្រីជាទីស្រឡាញ់ឈ្មោះ ទីវ សុីវហ្គិច អាយុ១៣ឆ្នាំ បានស្លាប់យ៉ាងអាណោចអាធ័ម។

ឪពុកសពកុមារី ថ្លែងដោយសុំមិនឲ្យបញ្ចេញឈ្មោះ បានប្រាប់ Post News ថា កូនស្រីគាត់មានឈ្មោះ ទីវ សុីវហ្គេច អាយុទើបតែ១៣ឆ្នាំ ជាសិស្សរៀននៅសាលាបឋមសិក្សាក្រុងសៀមរាប ខេត្តសៀមរាប។ ឪពុកកុមារី ទីវ ស៊ីវហ្គិច បានរៀបរាប់ថា កូនស្រីជាទីស្រឡាញ់របស់គាត់បានស្លាប់បាត់បង់ជីវិត កាលពីវេលាម៉ោង៤ជាងទៀបភ្លឺ ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៦ នៅគ្លីនិក នាគទេព នៅក្រុងសៀមរាប ខេត្តសៀមរាប បន្ទាប់ពីគ្រូពេទ្យបានចាក់ថ្នាំដាក់សេរ៉ូម១ប្លោក។

ឪពុក ទីវ សុីវហ្គេច បានរៀបរាប់ទៀតថា នៅមុនមានរឿងរ៉ាវនេះកើតឡើង គឺនៅវេលាម៉ោងប្រមាណ៣ទៀបភ្លឺ ថ្ងៃទី៤ ខែឧសភា កូនស្រីមានអាការក្អួតចង្អោ ក្តៅខ្លួនតិចៗ និងទឹកមុខស្លេកស្លាំង។ ដោយឃើញសភាពកូនស្រីបែបនេះ ពួកគាត់ក៏បាននាំកូនទៅកាន់គ្លីនិកយីហោ នាគទេព សៀមរាប។ ពេលទៅដល់ គ្រូវពេទ្យបានពិនិត្យមើល ហើយក៏ដាក់សេរ៉ូមឲ្យ១ប្លោក លុះដាក់សេរ៉ូមបានប្រហែល២០នាទី ក៏ស្រាប់តែកូនស្រីមានសភាពកាន់តែក្តៅខ្លាំង និងដកដង្ហើមមិនស្រួល។ ខណៈនោះ គ្រូពេទ្យបានដាក់អុកសុីសែនបានបន្តិច ក៏ប្រកាច់ និងបែកពពុះមាត់ទៀត។ ដោយឃើញសភាពកូនស្រីកាន់តែធ្ងន់ធ្ងរ គាត់ក៏បានឲ្យខាងគ្លីនិក នាគទេព យកឡានសង្គ្រោះរបស់គ្លីនិកនេះដឹងទៅកាន់គ្លីនិកមួយទៀតយីហោ សេរីរ័ត្ន។ ប៉ុន្តែខាងគ្លីនិក នាគទេព ប្រាប់ថា អត់មានសោឡាន ហើយតៃកុងឡានសង្គ្រោះអត់នៅទៀត។ បន្ទាប់មកគាត់ហៅរថយន្តសង្គ្រោះរបស់គ្លីនិកសេរីរ័ត្ន ឲ្យមកដឹកយកទៅគ្លីនិករបស់ខ្លួន ប៉ុន្តែពេលទៅដល់គ្រូពេទ្យនៅគ្លីនិកសេរីរ័ត្ន បានពិនិត្យហើយប្រាប់ថា កូនស្រី ទីវ សុីវហ្គិច បានស្លាប់បាត់ទៅហើយ។

ឪពុកកុមារី ទីវ សុីវហ្គេច បានបញ្ជាក់ថា តាមពិតកូនស្រីគាត់បានស្លាប់តាំងពីនៅគ្លីនិក នាគទេព សៀមរាប ម៉្លេះ តែគាត់មិនអស់ចិត្ត ក៏នាំមកគ្លីនិកមួយទៀត។ គាត់ថា គ្លីនិក នាគទេព មានការយឺតយ៉ាវក្នុងការបញ្ជូនកូនគាត់ទៅកាន់ពេទ្យផ្សេងទៀត។ ក្នុងរឿងនេះ គាត់មិនទាន់បានរករឿងប្តឹងគ្លីនិក នាគទេព សៀមរាប នោះទេ ប៉ុន្តែបានរិះគន់គ្លីនិកនាគទេពថា បើធ្វើជាគ្រូពេទ្យគ្មានជំនាញ និងគ្មានសមត្ថភាពទេ កុំទទួលយកអ្នកជំងឺព្យាបាលអី គួរនាំទៅមន្ទីរពេទ្យផ្សេងទៀត កុំទុកបណ្តោយឲ្យអ្នកជំងឺរហូតដល់ស្លាប់ ទើបនាំចេញនោះទេ។

សពកុមារី ត្រូវឪពុកម្តាយនាំយកទៅតម្កល់នៅគេហដ្ឋានធ្វើបុណ្យតាមប្រពៃណី ក្រោមសម្រែកស្រែកយំស្រណោះស្រណោកយ៉ាងក្រៃលែងពីសំណាក់ឪពុកម្តាយ បងប្អូន សាច់ញាតិទាំងអស់។ ប្រជាពលរដ្ឋបានដាក់ការស្តីបន្ទោសទៅលើម្ចាស់គ្លីនិក នាគទេព ដែលពុំមានសមត្ថភាពជំនាញមិនច្បាស់លាស់។ បញ្ហាគ្លីនិករីកដូចផ្សិតនេះ ភាគច្រើនអត់មានវិជ្ជាជីវៈ មុខជំនាញ ឯកទេសច្បាស់លាស់នោះទេ។ ភាគច្រើន គេបើកយកតែឈ្មោះអ្នកផ្សេងទៅរកសុីធ្វើអាជីវកម្មតែប៉ុណ្ណោះ៕

D00002 D00001 D00003 D00004

មតិយោបល់