កណ្តាលៈ កម្លាំងនគរបាលស្រុកស្អាង បានបើកប្រតិបត្តិការ ចុះបង្រ្កាបមុខសញ្ញាជួញដូរនូវសារធាតុញៀនបានម្នាក់ រួមនឹងដកហូតថ្នាំញៀនមួយចំនួនកាលពីវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៧ នៅចំណុចផ្ទះរបស់ឈ្មោះ ម៉ិច ភិរ៉ាត ស្ថិតក្នុងភូមិខ្ពបក្រោម ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល។
កវរសេនីយ៍ សេង សុជាតិ អធិការស្រុកស្អាង បានប្រាប់ឲ្យដឹងថា ជនសង្ស័យ១-ឈ្មោះ ម៉ិច ភិរ៉ាត ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មកររោងចក្រ ទីលំនៅបច្ចុប្បន្នភូមិខ្ពបក្រោម ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល។ វត្ថុតាងចាប់យករួមមាន ៖ -ម្សៅក្រាមពណ៌សសង្ស័យជាសារធាតុញៀន(ម៉ាទឹកកក) ១៣កញ្ចប់ ១កញ្ចប់ធំ និង១២កញ្ចប់តូច -ទូរសព្ទចំនួន១គ្រឿង ម៉ាកណូគា អ៊ិនចុចពិល ពណ៌ខ្មៅ – ជញ្ជីងចំនួន១គ្រឿង និងឧបករណ៍វេចខ្ចប់មួយចំនួន។
លោកអធិការបានប្រាប់ឲ្យដឹងទៀតថា នៅមុនពេលកើតហេតុ ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្តាល លោកវរសេនីយ៍ឯក សេង សុជាតិ អធិការនគរបាលស្រុកស្អាង បានដឹកនាំកម្លាំងជំនាញ សហការជាមួយ ប៉ុស្តិ៍នគរបាលរដ្ឋបាលខ្ពប ចុះបង្ក្រាបមុខសញ្ញាជួញដូរគ្រឿងញៀន នៅចំណុចផ្ទះរបស់ឈ្មោះ ម៉ិច ភិរ៉ាត ស្ថិតក្នុងភូមិខ្ពបក្រោម ឃុំខ្ពប ស្រុកស្អាង ក៏ប្រទះឃើញជនសង្ស័យនៅក្រោមផ្ទះ ពេលនោះសមត្ថកិច្ចធ្វើការត្រួតពិនិត្យ បានរកឃើញគ្រឿងញៀន (ម៉ាទឹកកក) ចំនួន១២កញ្ចប់តូច នៅនឹងខ្លួន រួចធ្វើការឃាត់ខ្លួនជនសង្ស័យ រួមនិងវត្ថុតាង បញ្ជូនមកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលខ្ពប ដើម្បីសាកសួរ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០១៧ ខ្លួនបានទៅទិញគ្រឿងញៀន ចំនួន១កញ្ចប់ធំ តម្លៃ៩៥០០០០រៀល (កៅសិបប្រាំម៉ឺនរៀល) ពីមនុស្សប្រុសម្នាក់ មិនស្គាល់ឈ្មោះ នៅសង្កាត់ ច្បារអំពៅ រាជធានីភ្នំពេញ ដើម្បីយកមកវេចខ្ចប់លក់ក្នុង១កញ្ចប់ តម្លៃ៤០០០០រៀល និងលាក់ទុកនៅផ្ទះចំនួន១កញ្ចប់ធំទៀត។
លុះដល់វេលាម៉ោង២និង៤៥នាទីរសៀលថ្ងៃខែឆ្នាំដដែល ដោយមានបញ្ជាផ្ទាល់ពីលោកឧត្តមសេនីហ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្តាល លោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការរងប្រឆាំងបទល្មើស និងមានការសម្របសម្រួលពីលោក លឹម សុគន្ថា ព្រះរាជអាជ្ញាសាលាដំបូងខេត្តកណ្តាល កម្លាំងសមត្ថកិច្ចនគរបាលស្រុកស្អាង បន្តទៅត្រួតពិនិត្យផ្ទះជនសង្ស័យនៅចំណុចភូមិ ខ្ពបក្រោម ឃុំខ្ពប រកឃើញគ្រឿងញៀន (ម៉ាទឹកកក) ចំនួន១កញ្ចប់ធំ ជញ្ជីង១គ្រឿង និងឧបការណ៍វេចខ្ចប់មួយចំនួនបន្ថែមទៀត ដើម្បីបន្តអនុវត្តន៍តាមនីតិវិធី៕
https://youtu.be/-nWH8VhGkJ0






មតិយោបល់