ព័ត៌មានបច្ចេកវិទ្យា

គន្លឹះហៅទូរស័ព្ទយ៉ាងរហ័ស ទៅកាន់មនុស្សសំខាន់ ដោយគ្រាន់តែចុចមួយប៉ះ

មិនចាំបាច់មានកម្មវិធីជំនួយសម្រាប់ការអនុវត្តន៍នេះទេ ព្រោះថាប្រព័ន្ធប្រតិបត្តិការ iOS ជំនាន់ ១០ បានផ្ដល់នូវជម្រើសថ្មីមួយ ជំនួយដល់ការហៅទូរស័ព្ទចេញបានឆាប់រហ័ស ដោយគ្រាន់តែចុចមួយប៉ះលើ Favorites Contacts (បញ្ជីលេខទំនាក់ទំនងសំខាន់) ណាមួយ មិនថាពេលអេក្រង់របស់អ្នកកំពុងចាក់សោ ឬមិនចាក់សោក្តី ព្រោះថា Favorites Contacts នឹងធ្វើការបង្ហាញនៅលើផ្ទាំងផ្តល់ដំណឹងគ្រប់ពេលចាក់សោ និងបង្ហាញនៅលើផ្ទាំង Widgets នៅពេលដែលមិនចាក់សោ។
សូមអនុវត្តតាមជំហានខាងក្រោម សម្រាប់ការហៅទូរស័ព្ទចេញដ៏រហ័ស នៅលើទូរស័ព្ទដៃ iPhone៖

១ – សូមបើក iPhone រួចទាញមកកាន់ទំព័រដើមនៃ iPhone ដែលគេនិយមហៅថាផ្ទាំង Widgets
២ – អូសឡើងលើ រួចអ្នកនឹងឃើញពាក្យថា Edit រួចចុចលើវា ប្រសិនបើអ្នកមិនទាន់បានដោះសោ iPhone ទេ សូមវាយបញ្ចូលលេខកូដសម្ងាត់ទូរស័ព្ទដៃ
៣ – បន្ទាប់មក អ្នកនឹងឃើញមានសញ្ញា “ពណ៌ក្រហម” និង “ពណ៌បៃតង” នៅពីមុខឈ្មោះផ្ទាំង widget នីមួយៗ
៤ – សញ្ញា “ពណ៌ក្រហម” ពីមុខមានន័យថា widget នោះកំពុងតែដាក់ប្រើប្រាស់
៥ – ប្រសិនបើចង់ដាក់បន្ថែម Widget Favorites សូមចុចសញ្ញា “ពណ៌បៃតង” ត្រង់ឈ្មោះ Favorites នោះវានឹងលោតមកក្នុងបណ្តុំសញ្ញាពណ៌ក្រហមវិញ

៦ – បន្ទាប់មកទៀត សូមចូលទៅកាន់ផ្ទាំង Widgets នោះអ្នកនឹងឃើញ Favorites Contacts ដែលអ្នកបានបញ្ចូល (គួរបញ្ជាក់ដែរថា៖ Favorites Contacts បានមកពីលេខនៅក្នុងកម្មវិធី Contacts ដែលអ្នកបានដាក់បញ្ចូលទៅក្នុង Favorites កាលពីគ្រាមុន ហើយប្រសិនបើប្រិយមិត្តណាមិនទាន់បានធ្វើវាទេ សូមបើកកម្មវិធី Contacts បន្ទាប់មក ចុចលើឈ្មោះអ្នកណាមួយ រួចចុចជ្រើសយកពាក្យ Add to Favorites ជាការស្រេច)
៧ – អ្នកអាចចុចលើពាក្យថា Show More ឬ Show Less អាស្រ័យលើចំនួន Favorites Contacts ច្រើនឬតិច
៨ – ជាចុងក្រោយអ្នកអាចចុចមួយប៉ះលើឈ្មោះ Contact នរណាម្នាក់ ដើម្បីហៅទូរស័ព្ទទៅ

៩ – ចំណុចពិសេសមួយទៀត គឺថាអំឡុងពេលដែលអ្នកកំពុងចាក់សោទូរស័ព្ទ អ្នកក៏អាចហៅទូរស័ព្ទចេញបានយ៉ាងរហ័សដូចគ្នា ដោយគ្រាន់តែចុចប៊ូតុង Lock ឬ Power បន្ទាប់មក ចុចទាញទៅស្តាំ នោះអ្នកនឹងឃើញផ្ទាំង Widgets ក្រោយមកអ្នកអាចចុចមួយប៉ះដើម្បីហៅទូរស័ព្ទទៅកាន់មនុស្សជាទីស្រលាញ់បានហើយ។

ជាចុងក្រោយ Post Tech សូមជូនពរឲ្យការអនុវត្តទទួលបាននូវភាពជោគជ័យទាំងអស់គ្នា សូមចូលរួមចែករំលែកចំណេះដឹងថ្មីៗ ទៅកាន់បងប្អូន និងមិត្តភក្តិជាទីស្រលាញ់របស់ប្រិយមិត្តឲ្យបានដឹងគ្រប់ៗគ្នា៕

មតិយោបល់