ភ្នំពេញៈ មានរឿងដ៏ភ្ញាក់ផ្អើលមួយបានកើតឡើងរវាងកម្មករកម្មការិនី រោងចក្រជី-អេវើរហ្គ្រីន (ខេមបូឌា)នីតធីង ចំនួន៣នាក់ បានទាស់ពាក្យសម្ដីគ្នាឈានទៅដល់ការប្រតាយប្រតប់គ្នា បង្កជាអំពើហិង្សាបណ្តាលឲ្យមានរបួសស្នាមលើមុខ ហើយជនរងគ្រោះបានរត់មកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលចោមចៅ។
ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាម៉ោង៧ព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅក្នុងរោងចក្រជី-អេវើរហ្គ្រីន(ខេមបូឌា)នីតធីង ក្នុងភូមិល្វា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែន រាជធានីភ្នំពេញ។
កម្មការិនីរងគ្រោះមានឈ្មោះ ផន ម៉ារ៉ន អាយុ៣២ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ស្នាក់នៅផ្ទះជួល ភូមិព្រៃល្វា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានស្រុកកំណើត ភូមិឫស្សី ឃុំឫស្សី ស្រុកមោងឫស្សី ខេត្តបាត់ដំបង។
ចំណែកជនបង្ក២នាក់ប្តីប្រពន្ធនោះ ប្រពន្ធមានឈ្មោះ នាត សោភ័ណ្ណ អាយុ២០ឆ្នាំ មុខរបរកម្មការិនីរោងចក្រស្នាក់នៅផ្ទះជួលភូមិចំការឪឡឹក សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានស្រុកកំណើត នៅភូមិកំចាយមា ឃុំក្រញូង ស្រុកកំចាយមា ខេត្តព្រៃវែង។ ប្ដីមានឈ្មោះ ហៀ វិឆៃ អាយុ២៦ឆ្នាំ មុខរបរកម្មកររោងចក្រស្នាក់នៅជាមួយប្រពន្ធ មានស្រុកកំណើតភូមិក្តុលក្រោម ឃុំទ្រា ស្រុកក្រូចឆ្មា ខេត្តត្បូងឃ្មុំ។
ប្រភព័ត៌មានពីជនរងគ្រោះបានឲ្យដឹងថា ជនបង្កពីរនាក់ប្តីប្រពន្ធខាងលើបានទាស់ពាក្យសម្ដីជាមួយខ្លួនហើយពួកគេបានប្រើអំពើហិង្សាប្រតាយប្រតប់មកលើខ្លួន បណ្តាលឱ្យរយះមុខខាងស្តាំ ដោយបន្សល់ស្នាមក្រចកនៅលើមុខ ហើយក៏ខ្លួនមកប្តឹងសមត្ថកិច្ចឱ្យជួយរកខុសត្រូវឲ្យតែម្តង។
តាមប្រភពសុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា រឿងនេះផ្តើមចេញពីការប្រចណ្ឌ ដោយភាគីស្ត្រីជាជនបង្កបានប្រចណ្ឌប្តីរបស់ខ្លួនជាមួយនារីរងគ្រោះជាយូរមកហើយលុះដល់ថ្ងៃកើតហេតុក៏បានទាស់សម្ដីគ្នាឈានទៅដល់ប្រើអំពើហិង្សាប្រតាយប្រតប់ដាក់គ្នា បណ្តាលឲ្យជនរងគ្រោះរងរបួសនៅលើមុខដោយបន្សល់ស្នាមក្រចកនៅលើមុខ។
ក្រោយពីកើតហេតុសមត្ថកិច្ចប៉ុស្តិ៍ចោមចៅបានហៅភាគីទាំសងខាងមកដោះស្រាយទៅតាមច្បាប់៕
https://youtu.be/giyCFVOCuS4

មតិយោបល់