ភ្នំពេញៈ ជនសង្ស័យប្រុសស្រីចំនួន ៤នាក់ ត្រូវបានកម្លាំងការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀននៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយនគរបាលខណ្ឌ៧មករា ចុះបង្ក្រាបបទល្មើសប្រើប្រាស់ និងជួញដូរគ្រឿងញៀន មួយកន្លែងនៅក្នុងផ្ទះសំណាក់ យីហោ មានលាភ២ ឃាត់ខ្លួនបានជនស្ស័យប្រុសស្រី៤នាក់ ។
ការបង្ក្រាបនេះ បានធ្វើឡើង កាលពីវេលាម៉ោង ៤រសៀល ថ្ងៃ១០ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅចំណុច ក្នុងផ្ទះសំណាក់មហាហេង ដែលមានទីតាំងនៅតាមបណ្តោយផ្លូវ ១៣៤ ក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ។
ការបង្ក្រាបនេះដែរ ធ្វើឡើងដោយមានការសម្របសម្រួលពីលោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ដឹកនាំកម្លាំងដោយលោក អ៊ីវ ភារិទ្ធិ នាយការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយនគរបាលជំនាញខណ្ឌ៧មករា និងនគរបាលប៉ុស្តិ៍មិត្តភាព ចុះឆ្មក់បង្ក្រាបទីតាំងខាងលើ តែម្តង។
ក្នុងនោះដែរ សមត្ថកិច្ចធ្វើការចាប់ខ្លួនបានជនសង្ស័យប្រុសស្រីចំនួន ៤នាក់ទី១មានឈ្មោះ ពៅ សុខនា ភេទស្រី អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ ។ ទី២ឈ្មោះ ញ៉ែម គន្ធា ភេទស្រី អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ ។ទី៣ឈ្មោះ សេង ចាន់តារ៉ា ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរមិនពិតប្រាកដ និងទី៤ ឈ្មោះ វង់ លីណា ភេទស្រី អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ ។ ដកហូតបាន ថ្នាំញៀនចំនួន៣កញ្ចប់ រួមនិងឧបករណ៍សម្រាប់ប្រើប្រាស់ មួយចំនួនផងដែរ។
បច្ចុប្បន្នជនសង្ស័យខាងលើ រួមនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់ ការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀននៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរ ឃុំខ្លួនបណ្តោះអាសន្ន និងកសាងសំណុំរឿងបញ្ចូនខ្លួនទៅកាន់ តុលាការចាត់ការតាមផ្លូវច្បាប់៕
https://youtu.be/V-OwqPSg5ns
មតិយោបល់