ព្រះសីហនុៈ ក្មេងស្រីម្នាក់ ត្រូវបានរថយន្តបានឡែនមួយគ្រឿងបុក បណ្ដាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម ។ គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងកាលពីវេលាម៉ោង១២និង២០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៧ នៅចន្លោះបង្គោលគីឡូម៉ែត្រ191-192 ស្ថិតនៅភូមិបត់សិរមាន់ ឃុំព្រៃនប់ ខេត្តព្រះសីហនុ។
ប្រភពពីអ្នកឃើញហេតុការណ៍បានឲ្យដឹងថា រថយន្តបង្កម៉ាកបាឡែន ពណ៌ស មិនចាំស្លាកលេខ ធ្វើដំណើរពីភ្នំពេញឆ្ពោះមកខេត្តព្រះសីហនុ មកដល់ចំណុចកើតហេតុបានបុកក្មេងស្រីម្នាក់ ដែលកំពុងរត់ឆ្លងថ្នល់ពីទិសខាងលិច មកខាងកើតថ្នល់ចេញពីរោងការពេញទំហឹង បណ្ដាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។ បន្ទាប់ពីបុកក្មេងស្រីបណ្តាលឲ្យស្លាប់រួច រថយន្តបង្កក៏បើករត់គេចខ្លួនបាត់ស្រមោលសូន្យឈឹង ដោយមិនទទួលខុសត្រូវនូវទង្វើរបស់ខ្លួនឡើយ ។
សាកសពក្មេងស្រីរងគ្រោះ មានឈ្មោះ រី ឆៃលី អាយុ១១ឆ្នាំ សិស្សថ្នាក់ទី5 ឪពុកឈ្មោះ អ៊ុក សារី ម្ដាយឈ្មោះ កឹង ង៉ុក អាយុ៤១ឆ្នាំដូចគ្នា អ្នកទាំងពីរទៅធ្វើពលករនៅប្រទេសថៃ សព្វថ្ងៃក្មេងស្រីរងគ្រោះរស់នៅជាមួយជីតាឈ្មោះ ប៉ាន កឹង អាយុ៦៤ឆ្នាំ នៅកន្លែងកើតហេតុខាងលើ ។
បច្ចុប្បន្នសមត្ថកិច្ចកំពុងស្រាវជ្រាវរករថយន្តបង្ក ដើម្បីចូលខ្លួនមកដោះស្រាយតាមនីតិវិធីច្បាប់ចរាចរណ៍ផ្លូវគោក៕
មតិយោបល់