ព័ត៌មានជាតិ

ភ្ញៀវទេសចរ ចូលតាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវ-ឡេថាញ់ ក្នុង១ថ្ងៃៗជិត២០០នាក់ ត្រូវមន្រ្តីជំនាញចត្តាឡីស័ក្ត ត្រួតពិនិត្យសុខភាព

រតនគិរីៈ យោងតាមផេកមន្ទីរព័ត៌មាន ខេត្តរតនគិរី បានឲ្យដឹងថា «បន្ទាប់ពីមានការរីករាលដាលវីរុស ជំងឺរលាកផ្លូវដង្ហើម (covid-19) នៅតាមបណ្ដាលប្រទេសមួយចំនួន លើពិភព
លោក មន្រ្តីចត្តាឡីស័ក្តនៅច្រកទ្វាព្រំដែនអន្តរជាតិអូរយ៉ាដាវ-ឡេថាញ់ ខេត្តរតនគិរី បានធ្វើសកម្មភាពត្រួតពិនិត្យសុខភាពយ៉ាងតឹងរឹងទៅលើការចូលមកកាន់ប្រទេសកម្ពុជាពីសំណាក់ភ្ញៀវទេសចរ គ្រប់សញ្ជាតិ ដែលចូលតាមច្រកនេះ»។ នេះបើតាមការលើកឡើងពីសំណាក់ លោកវេជ្ជបណ្ឌិត
អ៊ុង រតនា ប្រធានមន្ទីរសុខាភិបាលខេត្តរតនគិរី ក្នុងឱកាសផ្តល់បទសម្ភាសន៍ ជាមួយអ្នកយកព័ត៌មានទូរទស្សន៍ផេក នៃមន្ទីរព័ត៌មានខេត្តរតនគិរី នៅល្ងាចថ្ងៃទី៦ ខែមីនា ឆ្នាំ២០២០។

លោក ជា សានិត អនុប្រធានមន្ទីរសុខាភិបាលខេត្ត និងជាប្រធានចត្តាឡីស័ក្តប្រចាំច្រកទ្វាអន្តរជាតិអូរយ៉ាដាវ-ឡេថាញ់ បានឲ្យដឹងផងដែរថា ភ្ញៀវទេសចរ ដែលបានធ្វើដំណើរចូលមកកម្សាន្ត នៅក្នុងប្រទេសកម្ពុជា តាមច្រកអន្តរជាតិខាងលើនេះ មន្រ្តីចត្តាឡីស័ក្ត បានធ្វើការបាញ់ថ្នាំសម្លាប់មេរោគ ទៅលើរថយន្ត និងបានធ្វើការវាស់កម្ដៅគ្រប់ភ្ញៀវទេសចរទាំងអស់ ហើយប្រសិនបើរកឃើញភ្ញៀវទេសចរណាម្នាក់មានកំដៅចាប់ ៣៨អង្សាឡើងទៅ មន្រ្តីជំនាញនិងសួរពីអាការៈមួយចំនួនដូចជាក្ដៅខ្លួន ក្អកជាប្រចាំ ឈឺទ្រូង ហើយបើមានបញ្ហានេះមែន ត្រូវចាត់ទុកថាជាជនសង្ស័យ ហើយមន្រ្តីជំនាញ និងហៅរថយន្តពេទ្យឲ្យមកដឹកយកទៅពិនិត្យនៅមន្ទីរពេទ្យបង្អែកខេត្តរតនគិរីមួយរយៈសិន។

លោក ជា សានិត បានបន្តថា បច្ចុប្បន្ននេះមន្រ្តីចត្តាឡីស័ក្តបានធ្វើការវាស់កម្ដៅទៅលើភ្ញៀវទេសចរណ៍ជាច្រើន ដែលចូលមកប្រទេសកម្ពុជា តាមច្រកទ្វានេះក្នុង១ថ្ងៃៗជិត២០០នាក់ ក៏ប៉ុន្តែជាលទ្ធផលមន្រ្តី យើងមិនទានរកឃើញភ្ញៀវទេសចរណាម្នាក់មានកម្ដៅខុសប្រក្រតីនេះទេ ហើយទោះបីជាយ៉ាងណាក៏មន្រ្តីចត្តាឡីស័ក្ត និងបន្តត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់បន្តទៅទៀតទៅលើភ្ញៀវទេសចរ ដែលចេញចូលមកកម្ពុជា ដើម្បីធ្វើយ៉ាងណាទប់ស្កាត់ឲ្យខានតែបានចំពោះវិរុសកូវីត១៩ ដែលកំពុងឆ្លងរីករាលដាល នៅក្នុងប្រទេសមួយចំនួន កុំឲ្យឆ្លងចូលប្រទេសកម្ពុជាយើង៕

មតិយោបល់