ភ្នំពេញៈ កម្លាំងកងរាជអាវុធហត្ថការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៧នេះ បានបញ្ជូនខ្លួនជនសង្ស័យជួញដូរ និងប្រើប្រាស់គ្រឿងញៀន ប្រុសស្រីចំនួន ១១នាក់ និងវត្ថុតាងគ្រឿងញៀន ជាង១គីឡូក្រាម ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី។
ជនសង្ស័យទាំង១១នាក់ ទី១មានឈ្មោះ ថុល ថារ៉ា ហៅតឿ ភេទប្រុស អាយុ២៧ឆ្នាំ ត្រូវអាវុធហត្ថរាជធានីភ្នំពេញ ក្នុងខណ្ឌពោធិ៍សែនជ័យ បង្ក្រាបបានកាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧ នៅចំណុចភូមិថ្មគោល ផ្លូវបេតុង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។
ជនសង្ស័យទី២ឈ្មោះ ធឿក ធិន ភេទប្រុស អាយុ២៨ឆ្នាំ និងជនសង្ស័យទី៣ឈ្មោះ អុន ឃ្លី ភេទប្រុស អាយុ៣៧ឆ្នាំ ត្រូវអាវុធហត្ថរាជធានីភ្នំពេញ ក្នុងខណ្ឌព្រែកព្នៅបង្ក្រាបបានកាលពី ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៧ នៅចំណុចលើផ្លូវបេតុងទួលចារ ភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
ជនសង្ស័យទី៤ឈ្មោះ ងួន សុវ៉ាត់ ហៅវ៉ា ភេទប្រុស អាយុ២៩ឆ្នាំ ទី៥ឈ្មោះ ណុប ចាន់ ហៅរី ភេទប្រុស អាយុ៣៣ឆ្នាំ និងជនសង្ស័យទី៦ឈ្មោះ សាន់ តាយ ភេទប្រុស អាយុ៣២ឆ្នាំ ត្រូវអាវុធហត្ថរាជធានីភ្នំពេញ ក្នុងខណ្ឌ៧មករា បង្ក្រាបបានកាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៧ នៅចំណុចផ្លូវលេខ២១៥ ភូមិលេខ៥ សង្កាត់វាលវង្ស ខណ្ឌ៧មករា និងនៅលើផ្លូវ១០៥ សង្កាត់ព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ។
ជនសង្ស័យទី៧ឈ្មោះ អ៊ីម សារិទ្ធ ភេទប្រុស អាយុ៣១ឆ្នាំ ត្រូវអាវុធហត្ថរាជធានីភ្នំពេញ ក្នុងខណ្ឌសែនសុខ បង្ក្រាបបានកាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៧ នៅចំណុចដីឡូតិ៍ ភូមិបាយ៉ាប សង្កាត់ ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ជនសង្ស័យទី៨ឈ្មោះ សុខ ថា ភេទប្រុស អាយុ២៦ឆ្នាំ និងទី៩ឈ្មោះ ហេង ស្រីកា ភេទស្រី អាយុ២៩ឆ្នាំ ត្រូវអាវុធហត្ថរាជធានីភ្នំពេញក្នុងខណ្ឌដូនពេញ បង្ក្រាបបានកាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧ នៅចំណុចលើផ្លូវលេខ១៥៤ កែងផ្លូវលេខ៥១ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ជនសង្ស័យទី១០ ឈ្មោះ បាន ទី ភេទប្រុស អាយុ២១ឆ្នាំ និងទី១១ឈ្មោះ ហួត ភារិទ្ធ ហៅញ៉ាញ់ ភេទប្រុស អាយុ១៨ឆ្នាំ ត្រូវអាវុធហត្ថរាជធានីភ្នំពេញ ក្នុងខណ្ឌជ្រោយចង្វារ បង្ក្រាបបាន កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧ នៅកំពង់ដរ ភូមិព្រែកតាគង់ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ជនសង្ស័យទាំង១១នាក់ខាងលើនេះ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញស្រាវជ្រាវ បង្ក្រាបបាន នៅ៦ទីតាំងផ្សេងៗគ្នាជាបន្តបន្ទាប់ ក្នុងរយៈពេល៣ថ្ងៃ និងដកហូតបានថ្នាំញៀន ជាង១គីឡូក្រាម និងវត្ថុតាងពាក់ព័ន្ធគ្រឿងញៀនមួយចំនួនទៀត៕


https://youtu.be/z5-cUSgvdTI
មតិយោបល់