ភ្នំពេញ: ព្រះសង្ឃ១អង្គបានធ្វើអត្តឃាត សម្លាប់ព្រះកាយដោយព្រះអង្គបានយកវត្ថុព័ន្ធ(ខ្សែក្រវាត់ស្បង់)ទៅចង. ក ជាប់ជាមួយបង្កាន់ដៃកុដិ ក្នុងវត្តទួលសុភាឃួន ភូមិព្រៃទា២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៥និង០០នាទីព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា
ព្រះសង្ឃអង្គនេះព្រះនាម ម៉ែត ម៉េងហ៊ាង ព្រះជន្ម ២៣វស្សា មានស្រុកកំណើតនៅខេត្តកំពង់ចាម និងបានសាងភ្នួសរយៈពេល ១០វស្សាមកហើយ។ ព្រះអង្គបានចាកចេញពីវត្តនៅស្រុកកំណើតមកគង់នៅសិក្សារៀនសូត្រ ក្នុងវត្តធម្មយុត្តិកនិកាយខាងលើ និងបានចង.ក ជាប់និងបង្កាន់ដៃជាន់ទី១កុដិដែលព្រះអង្គគង់នៅនោះតែម្ដង។
ប្រភពដដែលនោះបានប្រាប់ថា ព្រះសង្ឃដដែលបានមានថេរដីកាបន្តទៀតថា កន្លងមកពុំដឹងថាព្រះសង្ឃអង្គនេះមានវិបត្តិអ្វីនោះទេ ព្រោះពុំមានសញ្ញាណាមួយដែលគួរឲ្យចាប់អារម្មណ៍ថា ព្រះអង្គមានវិបត្តិនោះទេ ។ដោយឡែកនៅវេលាយប់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២ ព្រះអង្គបានចូលសឹងនៅក្នុងកុដិជាន់ទី២ជាធម្មតា ហើយព្រះសង្ឃដទៃទៀតក៏ចូលសឹងតាមកន្លែងរៀងៗខ្លួនដែរ និងបានលង់លក់រហូតដល់ភ្លឺ។
ប្រភពខាងលើបានបន្តទៀតថា ព្រឹកឡើងក្រោយតើនឡើង(ភ្ញាក់ពីសឹង) ស្រាប់តែប្រទះឃើញភិក្ខុសង្ឃអង្គនោះចង.ក នៅជាប់បង្កាន់ដៃកុដិបាត់ទៅហើយ ទើបនាំគ្នាស្រាយខ្សែដាក់ចុះដើម្បីសង្រ្គោះ។ ប៉ុន្តែមិនអាចជួយបានទេ ព្រះភិក្ខុសង្ឃអង្គនេះបានសុគតបាត់ទៅហើយ បន្ទាប់មកទើបរាយការណ៍ជូននគរបាលប៉ុស្តិ៍ចោមចៅទី៣ និងនគរបាលខណ្ឌពោធិ៍សែនជ័យឲ្យចុះទៅពិនិត្យ ព្រមទាំងរាយការណ៍បន្តទៅកាន់នគរបាលការិយាល័យបច្ចេកទេសវិទ្យាសាស្រ្ត នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះទៅធ្វើកោសល្យវិច័យ៕
មតិយោបល់