ព័ត៌មានជាតិ

ខ្លោចផ្សាណាស់! ធ្លាក់ភ្លៀង១មេធំ ខំទៅចាប់ត្រី ត្រូវរន្ទះបាញ់ស្លាប់

កំពង់ចាម:បុរសម្នាក់ត្រូវបានរន្ទះបាញ់ បណ្ដាលឲ្យស្លាប់បាត់បង់ជីវិត នៅតាមមាត់បឹង គ្រាដែលជនរងគ្រោះ បានទៅចាប់ត្រីឡើង ដែលទ្បើងតាមទឹក ពេលមេឃកំពុងធ្លាក់ភ្លៀង កាលពីវេលាម៉ោង៥និង៣០នាទី ល្ងាចថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចបឹងបាក់រទេះ ស្ថិតខាងជើងភូមិព្រែកកុយ ឃុំព្រែកកុយ ស្រុកកងមាស ខេត្តកំពង់ចាម ។

មន្ត្រីនគរបាលមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះព្រឿង ណាន ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅក្នុងភូមិកើតហេតុ កាលពីវេលាម៉ោង៤រសៀលថ្ងៃកើតហេតុ ជនរងគ្រោះបានចេញទៅ រកចាប់ត្រីឡើងទឹកភ្លៀង នៅត្រង់ចំណុចកើតហេតុតែម្នាក់ឯង ដោយបាត់យូរមិនឃើញត្រឡប់មកផ្ទះវិញ ក្រុមគ្រួសារ ក៏បាននាំគ្នាទៅតាមរក រហូតដល់វេលាម៉ោង២ រំលងអាធ្រាត្រឈានចូលថ្ងៃទី៧ ឧសភា ទើបប្រទះឃើញសាកសពជនរងគ្រោះ ដេកស្លាប់នៅមាត់បឹង។

បើយោងតាមការអះអាង របស់ក្រុមគ្រួសារជនរងគ្រោះ បានបញ្ជាក់ថា ជនរងគ្រោះពិតជាបានស្លាប់ ដោយរន្ទះបាញ់ប្រាកដមែន ព្រោះមួកនិងក្រមា ដែលជនរងគ្រោះពាក់ និងជួតនៅលើក្បាលនោះ មានស្នាមឆេះខ្លោច។

ទោះជាយ៉ាងណា ក្រោយពីកើតហេតុ កម្លាំងជំនាញបច្ចេកទេសនគរបាលស្រុកកងមាស បានចុះទៅពិនិត្យសាកសពជនរងគ្រោះ ដោយមិនឃើញមានពាក់ព័ន្ធ ទៅនឹងបទល្មើសផ្សេងទេនោះ ក៏បានប្រគល់ឲ្យសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណីផងដែរ៕

photo_2016-05-07_09-40-41 photo_2016-05-07_09-40-40 photo_2016-05-07_09-40-39 photo_2016-05-07_09-40-37

មតិយោបល់