ព័ត៌មានជាតិ

ធ្វើសកម្មភាពជួញដូរគ្រឿងញៀនខុសច្បាប់ ជាប់ខ្នោះសមត្ថកិច្ច

កណ្តាលៈ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាលស្រុកអង្គស្នួល ធ្វើការចាប់ខ្លួនបានជាក់ស្តែង ខណៈដែលជនសង្ស័យរូបនេះកំពុងធ្វើសកម្មភាពជួញដូរនូវសារធាតុញៀនខុសច្បាប់ ដកហូតបានថ្នាំញៀន៣កញ្ចប់។ការចាប់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង ៨និង៣០នាទី យប់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្លូវលំ ភូមិត្រពាំងសុក្រម ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។

ជនសង្ស័យដែលចាប់ខ្លួនបានខាងលើមានឈ្មោះ ប៉ែន ទីណា ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅម្តុំផ្សារកាណាឌីយ៉ា ភូមិត្រពាំងខ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែន រាជធានីភ្នំពេញ។ ក្នុងនោះដែរ សមត្ថកិច្ចធ្វើការដកហូតបាន ម្សៅក្រាមសថ្លា សង្ស័យសារធាតុញៀន(ម៉ាទឹកកក)ចំនួន៣កញ្ចប់ ក្នុងនោះមាន២កញ្ចប់ធំ និង១កញ្ចប់ល្មម រួមទាំងទូរសព្ទដៃម៉ាក សាំស៊ុង ចំនួន១គ្រឿងផងដែរ។

មុននឹងឈានដល់ការចាប់ខ្លួនបានជនសង្ស័យខាងលើ កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុក បានទទួលព័ត៏មានថាមានមុខសញ្ញា កំពុងជួញដូរថ្នាំញៀន នៅកន្លែងកើតហេតុខាងលើ ទើបកម្លាំងជំនាញបានចុះទៅបង្រ្កាបបានម្នាក់ជាក់ស្តែងតែម្តង។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យខាងលើ បានសារភាពថា ថ្នាំញៀនទាំងអស់នេះខ្លួនទិញ ពីមុខសញ្ញានៅមុខពេទ្យលោកសង្ឃ(មិនស្គាល់ឈ្មោះ) យកមកលក់បន្តតម្លៃ២២០ដុល្លារ។

បច្ចប្បន្នជនសង្ស័យខាងលើ រួមនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចនាំខ្លួនទៅកាន់អធិការដ្ឋាននគរបាលស្រុកអង្គស្នួល ដើម្បីឃុំខ្លួនបណ្តោះអាសន្ន កសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់ តុលាការចាត់ការតាមនីតិវិធីច្បាប់៕

https://youtu.be/zOlmR9C61GQ

មតិយោបល់