ព័ត៌មានជាតិ

យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនទូទាំងប្រទេស សម្រាប់ថ្ងៃទី២៣មករា បង្ក្រាបជាង២០ករណី ឃាត់ខ្លួនជិត៥០នាក់

ភ្នំពេញ: យុទ្ធនាការប្រយុទ្ធប្រឆាំង គ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៧ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប បទល្មើសគ្រឿងញៀន២៣ករណី ឃាត់ខ្លួនជនសង្ស័យចំនួន៤៧នាក់ ក្នុងនោះមានស្រីម្នាក់។ នេះបើយោងតាមលទ្ធផលផ្លូវការនៃការបង្ក្រាបករណីគ្រឿងញៀន របស់លេខាធិការដ្ឋាន នៃយុទ្ធនាការប្រយុទ្ធប្រឆាំង គ្រឿងញៀនខុសច្បាប់ លើកទី១។

ក្នុងប្រតិបត្តិការបង្ក្រាបគ្រឿងញៀននៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៧ មានមុខសញ្ញាជួញដូរគ្រឿងញៀន ១២ករណី ឃាត់ខ្លួនបានចំនួន២៦នាក់ ក្នុងនោះមានស្រីម្នាក់ និងមុខសញ្ញាប្រើប្រាស់គ្រឿងញៀន ១១ករណី ឃាត់ខ្លួនបានចំនួន ២១នាក់ និងរួមទាំងវត្ថុតាងមាន គ្រឿងញៀនប្រភេទម៉ាទឹកកក ICE ចំនួន៣.៣៨ក្រាមនិង១១កញ្ចប់តូច។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៦ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញផែនការ ស្តីពីយុទ្ធនាការប្រយុទ្ធប្រឆាំង គ្រឿងញៀនខុសច្បាប់លើកទី១ រយ:ពេល៦ខែ (ចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧) ដើម្បីប្រយុទ្ធប្រឆាំងគ្រឿងញៀននៅកម្ពុជា ឲ្យកាន់តែខ្លាំងក្លា និងទទួលបានលទ្ធផលល្អឡើងថែមទៀត។

យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀននេះ ដឹកនាំដោយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាប្រធាន និងឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំង គ្រឿងញៀនជាអនុប្រធាន៕

មតិយោបល់