អាមេរិកៈ ប្រធានាធិបតីថ្មីរបស់អាមេរិកទី៤៥ លោក ដូណាល់ ត្រាំ បានធ្វើការវាយប្រហារពាក្យសម្ដីទៅលើហ្វូងអ្នកតវ៉ាប្រឆាំងនឹងរដ្ឋាភិបាលថ្មីរបស់លោក នៅតាមទីក្រុងនានាទូទាំងប្រទេស ដោយលោក បាននិយាយថា « យើងទើបតែបោះឆ្នោតហើយទេ! ចុះអ្នកទាំងនេះ ម៉េចក៏មិនព្រមទៅបោះឆ្នោត? តារាល្បីនឹងរងផលប៉ះពាល់ខ្លាំង» ។ នេះបើយោងតាមរយៈ សារព័ត៌មាន CNN ចេញផ្សាយនៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧។
ការតវ៉ាប្រឆាំងនេះ គេសង្កេតឃើញថា មានវត្តមានតារាល្បីៗជាដូចជា លោកស្រី Gloria Steinem តារាចម្រៀងប៉ុប នាង Madonna តារាសម្តែង លោកស្រី Scarlett Johansson
ជានិមិត្តរូបតំណាងឲ្យស្ត្រី និងបុគ្គលល្បីល្បាញដទៃទៀត បានដឹកនាំការដើរដង្ហែក្បួន ដែលឲ្យឈ្មោះថា Women’s March កាលពីថ្ងៃសៅរិ៍ នៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន ដើម្បីប្រឆាំងទៅនឹងការស្បថចូលកាន់តំណែងជាប្រធានាធិបតីអាមេរិកទី៤៥របស់លោក ត្រាំ កាលពីថ្ងៃសុក្រ។
ថ្លែងចំណាប់អារម្មណ៍នៅលើបណ្តាញសង្គម Twitter លោក ត្រាំ បានឲ្យដឹងថា លោកមិនបានបដិសេធ ចំពោះការតវ៉ារបស់ពួកគេទេ ព្រោះវាជានិមិត្តសញ្ញានៃលទ្ធិប្រជាធិបតេយ្យរបស់អាមេរិក បើទោះបីរូបលោកមិនឯកភាពឲ្យធ្វើវាគ្រប់ពេលក៏ដោយ ។
ក្នុងនោះដែរលោក ត្រាំ ថែមទាំងបាននិយាយអួតអំពីចំនួនអ្នកដែលបានមើលពិធីស្បថចូលកាន់តំណែងរបស់លោក តាមកញ្ចក់ទូរទស្សន៍ផងដែរ ដោយនិយាយថា «អត្រាអ្នកមើលតាមទូរទស្សន៍មានចំនួន៣១លាននាក់ បានមើលពិធីស្បថចូលកាន់តំណែង ខណៈដែលកាលពី៤ឆ្នាំមុន មានមនុស្សតែ ១១លាននាក់បានមើលប៉ុណ្ណោះ»៕

មតិយោបល់