ព័ត៌មានជាតិ

រថយន្តកុងតឺន័រ បុកជាមួយជារថយន្ត Lexus 570 បណ្តាលឲ្យមនុស្សម្នាក់ស្លាប់ និង៥នាក់ទៀតរងរបួស

ខេត្តកំពង់ស្ពឺ ៖ មនុស្សម្នាក់ស្លាប់ និង៥នាក់ទៀត រងរបួសធ្ងន់ស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តកុងតឺន័រ បុ.កជាមួយជារថយន្ត Lexus 570 នៅតាមបណ្តោយផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ៧៨-៧៩ស្ថិតក្នុងភូមិ ត្រពាំងស្តុកគ្រួ ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ​ កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១។

នគរបាលស្រុកភ្នំស្រួច បានឲ្យដឹងថា មុនកើតហេតុគេឃើញរថយន្តមួយគ្រឿង ម៉ាកហ៉ីយ៉ាន់ដាយ ពណ៌ក្រហម ពាក់ផ្លាកលេខ ភ្នំពេញ 3F-9021សណ្តោងស៉ឺមីរ៉ឺម៉ក់ ពាក់ផ្លាកលេខភ្នំពេញ 4A-4478 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ (ចុះរត់គេច) បើកបរមកពីទិសខាងលិចទៅទិសខាងកើត ដល់ចំណុចខាងលើ បានបុ.កជាមួយរថយន្តមួយគ្រឿងម៉ាក​LEXUS . 570 ពណ៌ស ពាក់ផ្លាកលេខបន្ទាយមានជ័យ 2E-2727 បើកបរដោយឈ្មោះ កែវ ណារឹទ្ធ ភេទប្រុស អាយុ៦១ឆ្នាំ ជាមន្រ្តីយោធា រស់នៅភូមិទំនប់ដាច់ ឃុំអូរបីជាន់ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ អ្នករួមដំណើរចំនួន០៥ នាក់ ស្រី០៣ នាក់ប្រុស០២នាក់ ដែលបើកបរបញ្រ្ចាសទិសគ្នា។

ប្រភពបានបន្តទៀតថា ក្រោយកើតហេតុ អ្នករងរបួស ត្រូវបានមន្ត្រីនគរបាលជំនាញ ហៅរថយន្តសាមុយ ដឹកយកទៅសង្គ្រោះ នៅឯមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ។ សពជនរងគ្រោះ បានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី។ ចំពោះវត្ថុតាំង យកទៅរក្សាទុកនៅ អធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ដើម្បីចាត់ការតាមនីតិវិធី៕

មតិយោបល់