ព័ត៌មានជាតិ

រដ្ឋាករទឹក ៖ អានលេខនាឡិកាទឹក នឹងបោះពុម្ពវិក្កយបត្រជូនអតិថិជននៅនឹងទីតាំងភ្លាម​

ភ្នំពេញៈ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ មានកិត្តិយសសូមជម្រាប សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលមានទីលំនៅក្នុងខណ្ឌឬស្សីកែវ ខណ្ឌសែនសុខ ខណ្ឌដង្កោ និងខណ្ឌពោធិ៍សែនជ័យ មេត្តាជ្រាបថា៖ នៅខែមីនា ឆ្នាំ២០១៧ ខាងមុខនេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងសាកល្បងដាក់ឲ្យប្រើប្រាស់នូវបច្ចេកវិទ្យាថ្មីក្នុងការអានលេខនាឡិកាទឹក និងបោះពុម្ពវិក្កយបត្រថ្លៃទឹកផ្ទាល់នៅនឹងទីតាំង ដោយបោះពុម្ពវិក្កយបត្រថ្លៃទឹកជូនដល់អតិថិជនបានភ្លាមៗតែម្តង ដែលធ្វើឲ្យអតិថិជនមានភាពងាយស្រួលក្នុងការផ្ទៀងផ្ទាត់ក្នុងពេលនោះផងដែរ។

ដោយវិក្កយបត្រថ្លៃទឹកថ្មីមានទំហំតូចជាងមុន និងអតិថិជនមួយចំនួនមានភាពមមារញឹកមិនសូវនូវផ្ទះ អង្គភាពរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ សូមធ្វើការសំណូមពរដល់គ្រប់អតិថិជនទាំងអស់មេត្តាមានប្រអប់សំបុត្រនៅតាមផ្ទះរៀងៗខ្លួន ជៀសវាងការយកវិក្កយបត្រថ្លៃទឹកទៅសៀតនៅរបង ឬទ្វារផ្ទះ ក្នុងករណីអតិថិជនមិននៅផ្ទះ ឬ ផ្ទះជាប់សោរ បណ្តាលឲ្យបាត់បង់ដោយប្រការណាមួយ។ ម្យ៉ាងវិញទៀត នៅពេលដែលវិក្កយបត្រ ថ្លៃទឹកចែកជូនហើយ អង្គភាពរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ពុំមានធ្វើលិខិតជូនដំណឹងស្តីពីការយឺតយ៉ាវក្នុងការបង់ប្រាក់ថ្លៃទឹកលើកទីពីរដូចមុនទៀតទេ។

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ សង្ឃឹមនឹងជឿជាក់លើកិច្ចសហការចូលរួមពី សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក-លោកស្រី ដោយស្មារតីយោគយល់ និងអធ្យាស្រ័យ៕

មតិយោបល់