ហ្គំប៊ី: អ្នកនាំពាក្យក្រសួងការបរទេស បាននិយាយថា ប្រធានាធិបតីដែលទើបតែជាប់ឆ្នោតថ្មីរបស់ប្រទេសហ្គំប៊ី លោក Adama Barrow នឹងវិលត្រឡប់មកកាន់ប្រទេសវិញ នៅថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីលោកបានភៀសខ្លួនចេញពីប្រទេសនៅដើមឆ្នាំនេះ ដោយមានការព្រួយបារម្ភពីសុវត្ថិភាពផ្ទាល់របស់លោក។ នេះបើយោងតាមរយៈ សារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៧។
លោក Barrow បានឈ្នះឆ្នោតលើគូប្រជែងខ្លួន ជាមេដឹកនាំផ្តាច់ការ ដែលចង់គ្រប់គ្រងអំណាច១ពាន់ឆ្នាំរបស់ប្រទេសហ្គំប៊ីគឺលោក Yahya Jammeh នៅក្នុងការបោះឆ្នោតជាតិ កាលពីខែធ្នូ ខណៈដែលលោក Jammeh បានបដិសេធមិនទទួលស្គាល់លទ្ធផលឆ្នោត ដោយលើកឡើងពីភាពមិនប្រក្រតី នៅក្នុងការបោះឆ្នោត ប៉ុន្តែក្រោយពីមានសម្ពាធពីបរទេស ទើបធ្វើឲ្យលោកយល់ព្រមផ្ទេរអំណោចទៅឲ្យប្រធានាធិបតីឈ្នះឆ្នោតថ្មី។
លោក Jammeh បានចាកចេញពីប្រទេសហ្គំប៊ី កាលពីថ្ងៃសៅរ៍ ក្រោយពេលដែលបណ្តាប្រទេសនានា នៅតំបន់អាហ្វ្រិកខាងលិច គំរាមលូកដៃចូលទៅក្នុងរឿងនេះ ដោយប្រើប្រាស់កម្លាំងយោធាប្រសិនបើលោកមិនផ្ទេរអំណាចនោះ។ ការចាកចេញរបស់លោក Jammeh គឺជាការបញ្ចប់របបគ្រប់គ្រងរយៈពេល២២ឆ្នាំ ដែលលោកត្រូវបានក្រុមការពារសិទ្ធមនុស្សចោទប្រកាន់ថា បានប្រើប្រាស់ហិង្សាដើម្បីគាបសង្កត់គណបក្សប្រឆាំង។
ក្រោយការចាកចេញរបស់ប្រធានាធិបតីលោក Jammeh ថវិកាជាតិចំនួន១១ លានដុល្លារត្រូវបាត់បង់ផងដែរ។
កងកម្លាំងក្នុងតំបន់បានចូលទៅកាន់ប្រទេសហ្គំប៊ី រយៈពេលប្រហែលមួយសប្តាហ៍ ដោយសារតែលោក Jammeh បដិសេធមិនចុះចេញពីតំណែង ហើយឥឡូវនេះកងកម្លាំងទាំងនោះកំពុងតែការពារសន្តិសុខ សម្រាប់ការវិលត្រឡប់របស់លោក Barrow នៅថ្ងៃព្រហស្បតិ៍នេះ។
គួរបញ្ជាក់ដែរថា ប្រធានាធិបតីថ្មី បានស្នើសុំឲ្យកងកម្លាំងសន្តិសុខបរទេស បន្តស្ថិតនៅក្នុងប្រទេសហ្គំប៊ី រយៈពេល៦ខែបន្តទៅទៀត ប៉ុន្តែក្រុមទាំងនេះ មិនទាន់បានសម្រេចចិត្តថា នឹងបន្តស្ថិតនៅក្នុងប្រទេសនេះទៀតឬយ៉ាងណានោះទេ៕
ប្រធានាធិបតីថ្មីលោក Adama Barrow
លោក Yahya Jammeh
មតិយោបល់