ព័ត៌មានជាតិ

Update: រថយន្តដឹកអង្កាមជាប់ផុងក្នុងឃ្លាំងប្រឹងរោទ៍បែកផ្កាភ្លើងចេញពីបំពង់ស៊ីមាំង ឆាបឆេះអង្កាមពេញឃ្លាំងស្តុកអង្កាម

កណ្តាលៈ មានការភ្ញាក់ផ្អើលមួយទាំងកណ្តាលយប់ បង្កដោយរថយន្តដឹកអង្កាមបានជាប់ផុងក្នុងឃ្លាំង ខណៈកាយអង្កាមចុះ ហើយអ្នកបើកបរខំប្រឹងបើករថយន្តចេញ បណ្តាលឲ្យបែកផ្កាភ្លើងចេញពីបំពង់ស៊ីមាំង ឆាបឆេះអង្កាម ហើយរាលដល់លើរថយន្តតែម្តង។

ហេតុការណ៍ភ្ញាក់ផ្អើលបង្កឲ្យ​មានអគ្គីភ័យឆាបឆេះនេះ កើតឡើងកាលពីវេលាម៉ោង៦និង១០នាទីថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៧ នៅចំណុចក្នុងឃ្លាំងស្តុកអង្កាមក្នុងក្រុមហ៊ុនអង្គររុងរឿង ស្ថិតនៅភូមិអង្គស្នួលទី២ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល។

បើតាមលោកវរសេនីយ៍ មាន សំណាង អធិការស្រុកអង្គស្នួល បានប្រាប់ឲ្យ​ដឹងថា ម្ចាស់ក្រុមហ៊ុនឈ្មោះ ជីវ ហៀង ភេទប្រុស អាយុ៧២ឆ្នាំ ជនជាតិខ្មែរ មុខរបរប្រធានក្រុមហ៊ុនអង្គររុងរឿង ទីលំបច្ចុប្បន្ននៅរាជធានីភ្នំពេញ។ អ្នកបើកបររថយន្តឈ្មោះ តុល សាភ័ណ្ឌ ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបររថយន្តស៊ីឈ្នួល ទីលំនៅបច្ចុប្បន្ននៅភូមិតាកោ ឃុំដំបូកខ្ពស់ ស្រុកអង្គជ័យ ខេត្តកំពត។

លោកអធិការបានប្រាប់ឲ្យ​ដឹងទៀតថា សម្ភារៈខូចខាត៖ ១-រថយន្ត០១គ្រឿងម៉ាកហ៊ីយិនដាយ ពណ៌ស ពាក់ស្លាកលេខ 3C.1277 ទម្ងន់៨តោន ២-អង្កាមលើរថយន្តខាងលើ០១រថយន្តពេញ ទម្ងន់០៦តោន -ប្រើប្រាស់កម្លាំងនគរបាលស្រុកនិងប៉ុស្តិ៍២២នាក់ នគរបាលខេត្ត១៨នាក់ កម្លាំងអាវុធហត្ថស្រុក១២នាក់ ប្រជាការពារ២០នាក់ បុគ្គលិកក្រុមហ៊ុនមួយចំនួនទៀត។

លោកបន្តថា អគ្គិភ័យនេះ ប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យប្រចាំការនៅ​ស្រុក២គ្រឿង រថយន្តខេត្តកណ្តាល២គ្រឿង រថយន្តរាជធានីភ្នំពេញ២គ្រឿង បាញ់ទឹកសរុប១២រថយន្ត បាញ់បំពង់ពន្លត់អគ្គិភ័យ១០បំពង់ ទើបអគ្គិភ័នេះបានរលត់ទាំងស្រុង។

លោកអធិការបញ្ជាក់ថា រថយន្តដឹកអង្កាមបានជាប់ផុងក្នុងឃ្លាំងខណៈកាយអង្កាមចុះ ហើយអ្នកបើកបរខំប្រឹងបើករថយន្តចេញបណ្តាលឲ្យបែកផ្កាភ្លើងចេញពីបំពង់ស៊ីមាំង ឆាបឆេះអង្កាម ហើយរាលដល់លើរថយន្តតែម្តង៕

មតិយោបល់