ព័ត៌មានសេដ្ឋកិច្ច

មជ្ឈមណ្ឌលពាណិជ្ជកម្មថ្មី តម្លៃ ៣០០លានដុល្លារ នឹងផ្តល់ការងារដល់មន្រ្តីចូលនិវត្តន៍

ក្រសួងព័ត៌មាន គ្រោងនឹងចំណាយទឹកប្រាក់ប្រមាណជា ៣០០លានដុល្លារអាមេរិក សាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្ម ដើម្បីបង្កើតការងារជូនមន្រ្តីរាជការដែលបានចូលនិវត្តន៍។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានជាតិ ចេញផ្សាយកាលពីម្សិលមិញនេះ។

ប្រសិនបើមានការអនុញ្ញាពីរាជរដ្ឋាភិបាល គម្រោងនេះនឹងចាប់ផ្តើមសាងសង់ក្នុងឆ្នាំ ២០១៧នេះ ហើយនឹងបញ្ចប់នៅឆ្នាំ ២០២០ខាងមុខ ដែលនឹងមានកន្លែងបណ្តុះបណ្តាលមជ្ឈមណ្ឌលព័ត៌មាន សារមន្ទីរ និងកន្លែងពិពរណ៍ជាដើម។

មជ្ឈមណ្ឌលពាណិជ្ជកម្មនេះ អាចផ្តល់ការងារប្រមាណជា ២ពាន់កន្លែង ជាពិសេសមន្ត្រីរាជការចូលនិវត្តន៍ អាចបន្តការងារនៅទីនេះ ដែលអាចបង្កើននូវប្រាក់ចំណូល ជួយសម្រួលដល់ការលំបាក និងអាចជួបជុំគ្នាបានទៀតផង។

គួរជម្រាបដែរថា ក្រសួងព័ត៌មាន មានប្រកាសយកថ្ងៃទី ២៥ ខែមករា ជារៀងរាល់ឆ្នាំ សម្រាប់រៀបចំ កម្មវិធីជួបជុំជាមួយនិវត្តជន និងមន្ត្រីរាជការដែលបានចូលនិវត្តន៍ ដើម្បីបង្កើនទំនាក់ទំនងជាមិត្តភាព និងសាមគ្គីភាព៕

មតិយោបល់