កណ្តាលៈ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីមានការលិចទូកឈើ ដែលមានមនុស្ស៣នាក់ឪពុកកូនកំពុងជិះ បណ្តាលឲ្យលង់ស្លាប់២នាក់ឪពុកនិងកូន ចំណែកកូនម្នាក់ទៀតរួចផុតពីគ្រោះថ្នាក់។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី ២៦ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅចំណុចបឹងចាន់អន្សា ភូមិកោះគរ ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្ដាល។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់ខាងលើនេះ មានឈ្មោះ ហេង សុខា(ហៅ ចយ) ភេទប្រុស អាយុ៣៩ឆ្នាំជាឪពុក មានទីលំនៅភូមិឃុំកើតហេតុ និងកូនប្រុសមានឈ្មោះ សុខា អ៊ីស្រ៊ី ភេទប្រុស អាយុ៦ឆ្នាំ (អ្នកទាំង២នាក់ស្លាប់បាត់បង់ជីវិត) ចំណែកកូនប្រុសដែលរួចផុតពីគ្រោះថ្នាក់មានឈ្មោះ សុខា អ៊ីស្រ៊ាង ភេទប្រុស អាយុ១៣ឆ្នាំ ។
ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ បុរសជាឪពុកបាននាំកូន២នាក់ជិះទូកឈើ ប្រវែង៧ម៉ែត្រ ទៅមើលមងនៅក្នុងបឹងចាន់អន្សាដែលមានចម្ងាយប្រហែល១គីឡូម៉ែត្រពីភូមិកោះគរ។ ពេលចេញដល់កណ្ដាលបឹង ក៏មានខ្យល់ខ្លាំងបណ្ដាលឲ្យលិចទូក ភ្លាមនោះកូនឈ្មោះ សុខា អ៊ីស្រ៊ាង បានហែលទៅតោងបង្គោលសម្រាស់ ចំណែកឪពុកបានជួយហែលទៅជួយកូនតូចម្នាក់ទៀត ក៏លិចក្នុងទឹកបាត់ទៅ ទាំង២នាក់។
បន្ទាប់មកកូនឈ្មោះសុខា អ៊ីស្រ៊ាង ដែលនៅរស់និងកំពុងតោងសម្រាស់ បានស្រែកហៅឲ្យគេជួយ ពេលនោះឈ្មោះ អាត សំអាង ភេទ ប្រុស អាយុ៤៣ឆ្នាំ កំពុងដាក់មងនៅសម្ងាយ២០០ម៉ែត្រ ពីកន្លែងកើតហេតុ បានឭ ក៏ដោលទូកទៅមើល រួចក៏បានស្រង់ក្មេងប្រុសឈ្មោះ សុខា អ៊ីស្រ៊ាង ឡើងមកលើទូក និងស្រែកហៅអ្នកស្រុកឲ្យជួយរកស្រង់ជនរងគ្រោះទាំង២នាក់ ឪពុកកូន លុះរកឃើញហើយនោះក៏ប្រញាប់ឡើងមកលើគោក តែជាអកុសលស្លាប់បាត់ទៅហើយ។
ក្រោយពីកើតហេតុ កម្លាំងជំនាញ បានចុះមកធ្វើការពិនិត្យសាកសពដល់កន្លែងកើតហេតុ បានឲ្យដឹងថា សាកសពជនរងគ្រោះស្លាប់ដោយសារតែការលង់ទឹកពិតប្រាកដមែន។ បច្ចុប្បន្នសាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់