ព័ត៌មានជាតិ

កម្មកររោងចក្រចំនួន៣ ផ្ទុះការតវ៉ាបិទកំណាត់ផ្លូវជាតិលេខ១

ភ្នំពេញៈ កម្មករ កម្មការិនីដែលបម្រើការនៅរោងចក្រចំនួន៣ ដែលមានថៅកែតែមួយ ប្រមាណជាង២០០នាក់ បានផ្ទុះការតវ៉ាបិទកំណាត់ផ្លូវជាតិលេខ១ បណ្តាលឲ្យមានការកកស្ទះចរាចរណ៍អស់រយៈពេលជាច្រើនម៉ោង។

ការតវ៉ានេះបានធ្វើឡើងកាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅចំណុចតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកម្មករ កម្មការិនី ដែលចូលរួមនៅក្នុងការធ្វើបាតុកម្មបិទផ្លូវខាងលើ បានឲ្យដឹងថា ពួកគាត់មានគ្នាចំនួនជាង២០០នាក់ តំណាងឲ្យកម្មករជាង១ពាន់នាក់ មកពីរោងចក្រចំនួន ៣ ដែលមានថៅកែតែមួយ។ ក្រោយពីថៅកែរូបនោះ មិនបានបើកប្រាក់ខែជូនពួកគាត់។

ក្នុងការតវ៉ានេះដែរ បណ្តាលឲ្យមានការកកស្ទះចរាចរណ៍យ៉ាងណែនណាន់ ដោយសារតែមិនអាចធ្វើដំណើរឆ្លងកាត់ទៅមកបាន ។

ក្រោយពីមានហេតុការណ៍នេះកើតឡើង កងកម្លាំងសមត្ថកិច្ចទាំង២ប្រភេទ និងអាជ្ញាធរមូលដ្ឋាន បានចុះមកធ្វើការសម្របសម្រួលជាមួយនឹងក្រុមកម្មករខាងលើ ទើបនៅវេលាម៉ោង១២និង៣០នាទី មានការយល់ព្រមបើកផ្លូវជាតិលេខ១ ឡើងវិញ អាចធ្វើដំណើរឆ្លងកាត់វិញជាធម្មតា៕

មតិយោបល់