ត្បូងឃ្មុំ: រថយន្តសេរីទំនើប នៅតែបន្តលួចដឹកឈើប្រណិត យកទៅលក់នៅប្រទេសវៀតណាមជាហូរហែ ខណៈបទបញ្ជា របស់សម្តេចនាយករដ្ឋមន្ត្រី ប្រកាសឲ្យសមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន ទប់ស្កាត់រាល់បទល្មើស ដឹកជញ្ជូនឈើប្រណីតគ្រប់ប្រភេទ ឆ្លងដែនយកទៅលក់នៅប្រទេសវៀតណាម។
ទោះជាយ៉ាងណា សមត្ថកិច្ចបានបង្ក្រាប រថយន្តដែលលួចដឹកឈើប្រណិត បម្រុងលោតឆ័ត្រ យកទៅលក់នៅប្រទេសវៀតណាម ជាបន្តបន្ទាប់បានចំនួន២គ្រឿង ដោយដកហូតបានឈើក្រញូងមួយចំនួន និងឃាត់ខ្លួនមនុស្សចំនួន២នាក់ តែចំពោះមេក្លោង កាងឈើប្រណិត ចំនួន២នាក់ នៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ ម្នាក់ឈ្មោះ ភាព ជាមន្ត្រីយោធា និងម្នាក់ទៀតឈ្មោះ លាភ ជាមន្ត្រីនគរបាល ការពារព្រំដែន មិនត្រូវបានសមត្ថកិច្ចឃាត់ខ្លួនឡើយ ខណៈពេលដែល ជនទាំង២នាក់នេះ នៅឈរជើងចាំទិញឈើ ដើម្បីលក់បន្តនៅក្នុងតំបន់ គ្រប់គ្រងរបស់ខ្លួន។
ដែលរថយន្តឡិចស៊ីស៣៣០ពណ៌ស១គ្រឿង ពាក់ស្លាកលេខតាកែវ 2A-0869 ដឹកឈើក្រញូងចំនួន២៧០គីឡូក្រាម មកពីខេត្តកំពង់ធំ ត្រូវបានកម្លាំងនគរបាល ប្រឆាំងបទល្មើសសេដ្ឋកិច្ច ខេត្តកំពង់ចាម បង្ក្រាបបានកាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិបាខម ឃុំសំពងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។
ក្នុងនោះសមត្ថកិច្ចឃាត់ខ្លួនមនុស្ស២នាក់ ១-ឈ្មោះឈិន ធា ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅភូមិអង្គជ័យ ឃុំអង្គជ័យ ស្រុក-ខេត្តកំពត ជាអ្នកបើកបររថយន្ត ២-ឈ្មោះផ្លុង ហាន ភេទប្រុស អាយុ៣៦ឆ្នាំ មានទីលំនៅភូមិមហាសៀក ឃុំមហាខ្ញូង ស្រុកកោះសូទិន ខេត្តកំពង់ចាម ជាអ្នករួមដំណើរ។
បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ រួមជាមួយរថយន្ត ដឹកឈើក្រញូង ត្រូវបានសមត្ថកិច្ច ខេត្តកំពង់ចាម ប្រគល់ឲ្យសមត្ថកិច្ចខេត្តកំពង់ធំ ដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់។
ដោយឡែក រថយន្តតាកូម៉ា ១គ្រឿង ពាក់ស្លាកលេខភ្នំពេញ 2P-0855 ដឹកឈើក្រញូងប្រមាណជា៣០០គីឡូកា្រម ត្រូវបានកម្លាំងអាវុធហត្ថ ស្នាក់ការសន្តិសុខ៧០១ បង្ក្រាបបាន កាលពីព្រឹកថ្ងៃទី៥ ឧសភា ២០១៦ នៅលើកំណាត់ផ្លូវជាតិ៧ ស្ថិតក្នុងទឹកដីស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ហើយប្រគល់ឲ្យទៅកម្លាំងជំនាញរដ្ឋបាលព្រៃឈើ ចាត់ការបន្ត តែចំពោះអ្នកពាក់ព័ន្ធ មិនត្រូវសមត្ថកិច្ចឃាត់ខ្លួនបានឡើយ៕
មតិយោបល់