Post News Media ព័ត៌មានជាតិ គ្រូបង្រៀនម្ន...

គ្រូបង្រៀនម្នាក់ ស្រវឹងបើករថយន្តបុករបាំងថ្មពុះចែកទ្រូងផ្លូវ បាក់អស់៣ផ្ទាំង

ភ្នំពេញ: បើតាមសមត្ថកិច្ច កាលពីវេលាម៉ោង ២ និង៤០នាទី រំលងអាធ្រាតឈានចូលថ្ងៃទី៥ ខែកុម្ភ: បានឲ្យដឹងថា បុរសម្នាក់ដែលគេស្គាល់ថា ជាគ្រូបង្រៀន បានបើករថយន្តទាំងស្រវឹងជ្រុល ទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់អស់៣ផ្ទាំង នៅតាមបណ្តោយផ្លូវព្រះមុន្នីវង្ស ស្ថិតក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ ។

ជនបង្កមានឈ្មោះ ហូ សំបូរ ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរជាគ្រូបង្រៀន មានទីលំនៅផ្ទះលេខ២៥E0 ផ្លូវ១១៩ សង្កាត់បឹងកេងកងទី២ ខណ្ឌចម្ការមន ជិះរថយន្តមួយគ្រឿងម៉ាក Hilux SURF ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2C-1277 ។

តាមសាក្សីដែលបានឃើញហេតុការណ៍ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តបង្កខាងលើ បើកតាមបណ្តោយផ្លូវព្រះមុន្នីវង្ស ក្នុងទិសដៅពីត្បូងទៅជើង ដោយល្បឿនលឿន ពេលមកដល់ចំណុចកើតហេតុ រថយន្តបង្កបានរ៉េចង្កូតមកខាងឆ្វេងបុករបាំងថ្មបាក់អស់៣ផ្ទាំង បណ្ដាលឲ្យរថយន្តដាច់កាឡេ ហើយកង់មុខខាងឆ្វេងរថយន្តកល់ជាប់របាំងថ្ម ទៅមុខលែងរួច តែមិនបង្កឲ្យមានមនុស្សណាម្នាក់រងរបួសទេ ។

ក្រោយពេលកើតហេតុជនបង្ក ត្រូវសមត្ថកិច្ចនាំខ្លួនមកសាកសួរនៅប៉ុស្តិ៍បឹងរាំង ចំណែករថយន្តត្រូវកម្លាំងជំនាញស្ទួចយកទៅរក្សារទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានី ដើម្បីរង់ចាំម្ចាស់ចូលខ្លួនមកដោះស្រាយ នៅពេលក្រោយ ៕