ព័ត៌មានជាតិ

​សង្ស័យម្ចាស់ស្រវឹង រថយន្ត CRV មួយគ្រឿង បើកបុករបាំងថ្មពុះចែកទ្រូងផ្លូវទាំងកំរោល

ភ្នំពេញ: បើតាមសមត្ថកិច្ច បានឲ្យដឹងថា ​កាលពីវេលាម៉ោង​​៩ និង​៤០នាទី​​​យប់ ថ្ងៃទី៤ ខែកុម្ភ: មានរថយន្ត ​CR​​​​V មួយគ្រឿង បានបើកទៅ​​បុកនិងរបាំង​​​​ថ្ម​ចែក​ទ្រូង​ផ្លូវ ​​លើកំណាត់​​វិថី​ម៉ៅ​សេទុង កែងនិងផ្លូវលេខ២៣០ ​​​ស្ថិតនៅ​ក្នុង​​សង្កាត់​​​ទឹកល្អក់ ៣ ខណ្ឌទួលគោក។
​​
សាក្សីនៅ​កន្លែង​កើត​​ហេតុ​និយាយថា ​មានបុរស​ម្នាក់ បានបើករថ​យន្ត​មួយគ្រឿងម៉ាក CRV ពណ៌សំបកឪឡឹក ពាក់ស្លាក​​ ភ្នំពេញ 2K-0167 បានបើបរតាមបណ្តោយផ្លូវម៉ោងទុង ក្នុងទិសដៅពីជើងទៅត្បូង ខណ:មកដល់កន្លែងកើតហេតុ ក៏ស្រាប់តែរថយន្តជ្រុលទៅបុកនិងរបាំងថ្មពុះចែកទ្រូងផ្លូវទាំងកម្រោល បណ្តាលឲ្យរថយន្តបែកកង់ និងដាច់ក្រឡេ បើកទៅមុខលែងរួចតែម្តង ។

ភ្លាមៗនោះ អ្នកបើកបររថយន្ត ដែលប្រជាពលរដ្ឋអះអាងថា មិនមែនជនជាតិខ្មែរ បានចុះពីលើរថយន្តរបស់គេ ហើយគេចចេញពីកន្លែងកើតបាត់ ដោយបន្សល់រថយន្តរបស់គេនៅទីនោះ។

ក្រោយកើតហេតុ សមត្ថ​កិច្ច​​បានចុះ​ទៅពិនិត្យ​​កន្លែង​កើតហេតុ​​​ ហើយ​​​ស្ទូចយករថយន្ត​​ទៅរក្សា​ទុកនៅការិយ៉ាល័យចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរងចាំម្ចាស់ចូលខ្លួនមកដោះស្រាយ ៕

មតិយោបល់