ព័ត៌មានជាតិ

ឆក់ខ្សែក បានសម្រេចហើយ តែភ្លាត់ស្នៀតដួលម៉ូតូត្រូវប្រជាពលរដ្ឋវាយទក់សាច់

ភ្នំពេញ: ជនសង្ស័យចំនួន២នាក់ បានជិះម៉ូតូធ្វើសកម្មភាពឆក់ខ្សែកផ្លាកទីន ពីនារីម្នាក់បានសម្រេច តែភ្លាត់ស្នៀត ដួលម៉ូតូ ខណៈនោះនារីរងគ្រោះបានស្រែកថាចោៗ បណ្តាលឱ្យផ្អើលដល់ប្រជាពលរដ្ឋ ព្រួតវាយឡើងទក់សាច់តែម្តង។ ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៥ ល្ងាចថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ស្ថិតតាមបណ្តោយផ្លូវឧកញ្ញាម៉ុងឬទ្ធី ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ ទ្រូ ចាន់លោ ភេទស្រី អាយុ៣១ឆ្នាំ មុខរបរមេផ្ទះ ស្នាក់នៅភូមិច្រេស សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ចំណែកជនសង្ស័យទី១-ឈ្មោះស៊ុន សាកល ភេទប្រុស អាយុ១៩ឆ្នាំ ស្នាក់នៅភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ និងមានកន្លែងកំណើតនៅសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ទី២-ឈ្មោះ ឡេង ណារ័ត្ន ហៅរ័ត្ន ភេទប្រុស អាយុ២២ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

សមត្ថកិច្ចបន្តថា ជនសង្ស័យទាំង២នាក់ខាងលើ បានធ្វើសកម្មភាពដោយជិះម៉ូតូម៉ាកឌ្រីមសង់សេ១២៥ ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1GC-5062 ធ្វើដំណើរពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុ ក៏ប្រទះឃើញនារីរងគ្រោះមានខ្សែក ក៏ឆក់បានសម្រេច តែត្រូវអ្នកបើកម៉ូតូជិះភ្លាត់ស្នៀត ក៏បណ្តាលឱ្យដួលទាំងជំហរ ខណៈនោះជនរងគ្រោះបានស្រែកថាចោៗ ក៏មានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋនៅក្បែរនោះ ព្រួតវាយឡើងទក់សាច់តែម្តង រួចហើយទើបប្រគល់ឱ្យសមត្ថកិច្ចប៉ុស្តិ៍ភ្នំពេញថ្មី ហើយសមត្ថកិច្ចក៏បញ្ជូនបន្តទៅអធិការដ្ឋានខណ្ឌសែនសុខ។

បច្ចុប្បន្នជនសង្ស័យរួមទាំងម៉ូតូមួយគ្រឿង ត្រូវបានឃាត់ទុកនៅអធិការដ្ឋានខណ្ឌសែនសុខ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

មតិយោបល់