ព័ត៌មានជាតិ

បាត់ប្រពន្ធ មិនឃើញខលមក៣ថ្ងៃ ដាក់ពាក្យបណ្តឹង តែនគរបាលមិនទទួល

ភ្នំពេញ: បុរសម្នាក់បានធ្វើដំណើរតាំងពីខេត្តកំពត មកកាន់រាជធានីភ្នំពេញ ដើម្បីតាមរកប្រពន្ធជាទីស្រលាញ់របស់គាត់ បន្ទាប់ពីនាងបានបាត់ខ្លួនអស់រយៈពេល៣ថ្ងៃមកហើយ មិនបានដឹងថានាងកំពុងស្ថិត នៅទីណាសោះ ហើយបុរសនោះក៏បានដាក់ពាក្យបណ្ដឹង នៅប៉ុស្ដិ៍នគរបាលកំបូល ខណ្ឌពោធិ៍សែនជ័យ កាលពីវេលាម៉ោង៤និង៤៥នាទី រសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ដើម្បីសុំឲ្យនគរបាលជួយ ស្រាវជ្រាវរកប្រពន្ធរបស់ខ្លួនផង។

បុរសដែលតាមរកប្រពន្ធនោះឈ្មោះ ប៊ូ សុវណ្ណ អាយុ២៨ឆ្នាំ មានទីលំនៅក្នុងភូមិធំថ្មី ឃុំដងទុង ស្រុកដងទុង ខេត្តកំពត។ ចំណែកប្រពន្ធដែលបាត់ខ្លួននោះ ឈ្មោះ ហេង ណាន អាយុ៣០ឆ្នាំ មានស្រុកកំណើត ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង និងក្រោយមកបានប្ដូរទៅ រស់នៅក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺវិញ អ្នកទាំងពីរនាក់នោះមានកូនស្រីម្នាក់ អាយុទើបបាន៣ឆ្នាំប៉ុណ្ណោះ។

បុរសនោះបាននិយាថា គាត់បានរៀបការជាមួយនាង ហេង ណាន បានរយៈពេលជាង៤ឆ្នាំកន្លងមកហើយ ការរស់នៅជាមួយគ្នារយៈពេលប្រមាណ១ឆ្នាំ ទើបទទួលបានចំណងដៃ គឺកូនស្រីម្នាក់ហើយគិតរហូតមក ដល់ពេលនេះកូនស្រី មានអាយុ៣ឆ្នាំហើយ។ ក្រោយមកប្រពន្ធគាត់បានសុំគាត់ មកភ្នំពេញដើម្បីធ្វើជាកម្មការិនីរោងចក្រកាត់ដេរ ហើយដោយសារតែស្រលាញ់ប្រពន្ធពេក ខ្លួនបានបណ្ដោយតាមចិត្តនាង មិនបានបិទ សេរីភាពរបស់នាងនោះឡើយ។ បន្ទាប់មកនាងបានចាកចេញពីផ្ទះ មកភ្នំពេញនិងបានស្នាក់នៅផ្ទះជួលនៅ ក្នុងសង្កាត់កំបូល ដោយមុនដំបូងបានធ្វើជាកម្មការិនីរោងចក្រកាត់ដេរ ប៉ុន្តែក្រោយមកបានឈប់ ហើយទៅធ្វើជាអ្នករត់តុ នៅក្នុងហាងគោដុតមួយកន្លែង ដែលមានទីតាំងស្ថិតនៅ តាមបណ្ដោយផ្លូវជាតិលេខ៤ ក្បែរវត្តកំបូល សង្កាត់កំបូលវិញ ហើយក៏មិនបានប្រាប់ឲ្យគាត់ដឹងឡើយ។

បុរសនោះបានបន្តថា នាងបានមកធ្វើការនៅភ្នំពេញ រយៈពេលជាង១ឆ្នាំកន្លងមកហើយ ចំណែកឯខ្លួនក៏បានចាកចេញពីផ្ទះដែរ ប៉ុន្តែមិនបានស្នាក់នៅជាមួយប្រពន្ធទេ ដោយបានទៅធ្វើជាជាងម៉ូតូនៅផ្ទះបងប្អូន ម្ដុំកំពង់ទួល ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ហើយក្រោមកក៏បាន ត្រឡប់ទៅផ្ទះវិញបើកកន្លែងលាងម៉ូតូ។ ហើយទោះបីជាការរស់នៅបែកពីគ្នាមែន ប៉ុន្តែនាងបានខលរកគាត់ ហើយគាត់ក៏បានខលរកនាង ក្នុងនាមជា ប្ដីប្រពន្ធមិនដែលខានឡើយ ប៉ុន្តែមកដល់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៧ ស្រាប់តែបាត់នាង មិនឃើញខលមក ហើយខ្លួនក៏បានខលរកនាង ប៉ុន្តែខលមិនចូលឡើយ រហូតដល់វេលាយប់ថ្ងៃដដែលនោះ ទើបនាងខល ទៅប្រាប់ថា នាងជួបគ្រោះថ្នាក់ចរាចរ ប៉ុន្តែមិនបានប្រាប់ថា គ្រោះថ្នាក់នៅទីណាឡើយ ទូរស័ព្ទក៏បានដាច់ ទៅវិញហើយក៏ទាក់ទងគ្នាលែងបានរហូត។

បុរសដដែលបាននិយាយទៀតថា ខ្លួនបារម្ភខ្លាំងណាស់ បានតាមរកនាងគ្រប់ទីកន្លែង លុះមកដល់ ថ្ងៃទី១៣ ខែកុម្ភៈនេះនាងបានខលរកគាត់ម្ដងទៀត ប៉ុន្តែនិយាយដូចជាមនុស្សត្រូវថ្នាំសណ្ដំ ឬខ្លាចមានអ្នកឮនាង និយាយអញ្ចឹង និងប្រាប់ថានាងកំពុងស្ថិតនៅក្នុងផ្ទះមួយ តែមិនបានស្គាល់ថាជាកន្លែងណានោះឡើយ ក្រោយមកទូរស័ព្ទក៏បានដាច់ទៅវិញ និងខលលែងចូលរហូត។

ទើបនៅវេលាម៉ោង៤និង៤៥នាទីរសៀលថ្ងៃដដែល គាត់បានមកប្តឹងនគរបាលប៉ុស្តិ៍កំបូល តែនគរបាលមិនបានទទួលពាក្យបណ្តឹងគាត់នោះទេ៕

មតិយោបល់