ភ្នំពេញៈ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ បានកើតឡើង បន្ទាប់ពីបុរស២នាក់ ជិះម៉ូតូឌុបគ្នាក្នុងល្បឿនលឿនជ្រុលចង្កូតទៅបុកបង្កាន់ដៃស្ពានយ៉ាងពេញទំហឹង បណ្តាលឲ្យស្លាប់ភ្លាមៗទាំង២នាក់ យ៉ាងអាណោចអាធ័ម។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១០និង៤០នាទីយប់ ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅលើស្ពានកម្ពុជាជប៉ុន សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះទាំង២នាក់ ដែលស្លាប់ខាងលើនេះទី១មានឈ្មោះ សរ សារី ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅក្នុងភូមិត្របែកប្រហោង ឃុំស្វាយជ្រុំ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង (ជាអ្នកបើកបរម៉ូតូ) និងម្នាក់ទៀតឈ្មោះ កែវ ឧត្តម ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរនិស្សិត មានទីលំនៅស្ថិត ក្នុងភូមិឃុំជាមួយគ្នា។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងទៀតថា មុនពេលកើតហេតុ គេបានឃើញជនរងគ្រោះទាំង២នាក់ ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាវេវ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1FQ-4791 ដោយជិះឌុបគ្នាតាមបណ្ដោយផ្លូវជាតិលេខ៣ ទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុខាងលើ មិនដឹងយ៉ាងម៉េច ស្រាប់តែជ្រុលចង្កូតទៅបុកនឹងបង្កាន់ស្ពាន ពេញទំហឹងបណ្ដាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ទាំង២នាក់តែម្ដង។
ក្រោយពេលកើតហេតុ សមត្ថកិច្ចនគរបាលចរាចរណ៍មូលដ្ឋាន បានដឹកនាំកម្លាំង ចុះទៅដល់កន្លែងកើតហេតុ ដើម្បីធ្វើការពិនិត្យនិងវាស់វែង រួចធ្វើកំណត់ហេតុ ប្រគល់សពឲ្យទៅក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត៕
មតិយោបល់