ព័ត៌មានជាតិ

ស្រវឹងស្រា ខ្ចីទូកគេទៅដាក់សន្ទូចឪពុកឃាត់ទាស់សម្តីគ្នា ចងកសម្លាប់ខ្លួន!

កណ្ដាលៈ ឥទ្ធិពល​ស្រា នាំចិត្តបុរសម្នាក់ចងកធ្វើ​អត្តឃាត​នឹងធ្នឹមផ្ទះ ​បន្ទាប់ពី​មានទំនាស់​ជាមួយ​ក្រុម​គ្រួសារ​ ។​ ហេតុការណ៍​នេះ​កើតឡើង​វេលាម៉ោង​៦​ ល្ងាច​ថ្ងៃទី​១៨​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៧​ នៅ​ចំណុច​ភូមិ ព្រែកតាឃិន ឃុំជ្រោយ តាកែវ ស្រុកកោះធំ ខេត្តកណ្តាល ។

សមត្ថកិច្ចបានឲ្យដឹងថា​សពមានឈ្មោះ​ ឆុន ឆេន ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកសិករជាមនុស្សញៀនស្រា ស្នាក់នៅៗភូមិ ព្រែកតាឃិន ឃុំជ្រោយ តាកែវ ស្រុកកោះធំ ខេត្តកណ្តាល ។

សមត្ថកិច្ចបានឲ្យដឹងទៀត​ថា​ នៅថ្ងៃ​កើតហេតុ​ជនរងគ្រោះ​ កើតមានទំនាស់ជាមួយក្រុម​គ្រួសារ​ អំពី​រឿង​ខ្ចី​ទូក​គេទៅដាក់​សន្ទូច​ តែត្រូវ​បានរារាំងដោយ​ឪពុក​ព្រោះ​កូនស្ថិត​ក្នុង​ស្ថាន​ភាព​ស្រវឹង​ស្រា​ ធ្វើឲ្យ​កូនរូបនេះខឹងបម្រុងបោកចាន​រួចក៏រត់​ឡើ​ងលើផ្ទះ​​ នឹក​ស្មាន​មិនដល់​ ឪពុក​គិតថា​ ឡើង​ទៅ​ដេក​លើ​ផ្ទះ​ មួយ​សន្ទុះ​ទៅអឺតមើល​ ស្រាប់តែឃើញ​កូនគាត់ចងក​នឹងធ្នឹមផ្ទះ​ស្លាប់​បាត់​ទៅហើយ​ ។

ឪពុក​ជនរងគ្រោះ​បាន​បញ្ជា​ក់ថា​ កន្លង​មកកូនគាត់តែងផឹក​ ស្រវឹង​ជាប្រចាំ​មិនដែលលោះពេល​ឡើយ​ ជាពិសស​តែង​រក​រឿង​អ្នក​ផ្ទះ​ដោយ​ការ​វាយ​បំផ្លេចបំផ្លាញ​ទ្រព្យសម្បត្តិ​នៅក្នុងផ្ទះ​ ទោះជាគាត់ព្យាយាមអប់រំណែនាំក៏កូនរបស់គាត់មិនស្តាប់តាមការអប់រំណែនាំ របស់គាត់ដែរ ។

ករណី​នេះ​ ត្រូវ​បាន​ពិនិត្យ​ និងធ្វើកោសល្យវិច័យដោយអាជ្ញាធរសមត្ថកិច្ច​ជំនាញ​ ហើយបាន​សន្និដ្ឋាន​ថា​ មិនមែន​ជាករណី​ឃាតកម្ម​ឡើយ​ ។ក្រោយពិនិត្យរួចសមត្ថកិច្ចបានប្រគល់សព ជូនក្រុមគ្រួសារជនរងគ្រោះយកទៅធ្វើបុណ្យតាមប្រពៃណី​៕​

មតិយោបល់