ព័ត៌មានជាតិ

គេចពីគេដេញកាប់ បើកម៉ូតូជ្រុលចង្កូតទៅបុករបងការ៉ាសរថយន្ត លាន ហួរ យុវជនម្នាក់របួសធ្ងន់

ភ្នំពេញៈ យុវជន៣នាក់ ជិះម៉ូតូឌុបគ្នា ត្រូវជនមិនស្គាល់មុខ ប្រដាប់ដោយដាវស៊ាំម៉ូរ៉ៃ ដេញកាប់ ក៏ព្យាយាមបើកម៉ូតូគេច ជ្រុលចង្កូតទៅបុករបងការ៉ាសរថយន្ត លាន ហួរ យ៉ាងពេញទំហឹង បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១និង៣០ នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវ២២១ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

យុវជនម្នាក់ដែលជាជនរងគ្រោះ ក្នុងគ្រោះថ្នាក់ខាងលើ បានឲ្យដឹងថា មុនពេលកើតហេតុពួកគេទាំង៣នាក់ បានជិះម៉ូតូម៉ាក ហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ស៊េរី២០១៦ ពាក់ស្លាកលេខ ភ្នំពេញ 1FN- 9085 ឌុបគ្នាចេញមកកន្លែងលេងណេត នៅម្តុំផ្សារដើមគរ រួចជិះមកម្តុំក្តាន់ពីរ ដើម្បីជួបមិត្តភក្តិផ្សេងទៀត ខណៈកំពុងជិះម៉ូតូតាមផ្លូវ ស្រាប់តែលេចមុខជនមិនស្គាល់មុខមួយក្រុម មានគ្នាជាច្រើនបានជិះម៉ូតូដេញតាមពួកគេ ដោយក្នុងដៃប្រដាប់ដោយដាវសាំម៉ូរ៉ៃ ធ្វើឲ្យក្រុមជនរងគ្រោះ ភ័យពេក ក៏ព្យាយាមជិះរត់គេចរហូតមកដល់ចំណុចផ្លូវលេខ ២២១ ក៏ធ្វើពួកគេជិះម៉ូតូជ្រុលចង្កូតទៅខាងស្តាំដៃបុករបងការ៉ាសរថយន្ត លាន ហួរ យ៉ាងពេញទំហឹង បណ្តាលឲ្យយុវជនអ្នកកាន់ចង្តូតត្រូវម៉ូតូដួលសង្កត់ពីលើ ហើយត្រូវជនមិនស្គាល់មុខមួយក្រុមនោះ ចុះពីលើម៉ូតូរបស់គេ មកវាយបន្ថែមទៀត បណ្តាលឲ្យជនរងគ្រោះរបួសធ្ងន់ធ្ងរម្នាក់នៅកន្លែង ។

ទោះជាយ៉ាងណា ក៏សំណាងល្អដែរ ព្រោះមានសមត្ថកិច្ចល្បាតជិះមកទាន់ពេលវេលា កុំអីមិនដឹងជនរងគ្រោះទៅជាយ៉ាងណានោះទេ ។ ហើយក្រោយកើតហេតុបាន១០នាទី ក៏មានជនរងគ្រោះម្នាក់ បានជិះម៉ូតូមកជាមួយមិត្តភក្តិ២នាក់ បានអះអាងថាគេជាជនរងគ្រោះ ហើយគេក៏ជិះម៉ូតូជាមួយជនរងគ្រោះដែលត្រូវរថយន្តសាមុយដឹកយកទៅមន្ទីរពេទ្យផង ហើយចំណែកមិត្តភក្តិម្នាក់មិនដឹងគេរត់ទៅណានោះទេ ។

ប្រជាពលនៅកន្លែងកើតបាននិយាយប្រាប់ដែលថា ករណីនេះអាចជាករណីដេញកាប់ប្លន់យកម៉ូតូរបស់ជនរងគ្រោះក៏ថាបាន ព្រោះក្រោយកើតហេតុម៉ូតូជនរងគ្រោះត្រូវបុករបងផ្ទះគេ រងការខូចខាតខ្ទេច ទើបមិនអាចជិះទៅរួច តែបើសិនជាម៉ូតូជនរងគ្រោះ អាចជិះបាននោះ ដឹងតែក្រុមមិនស្គាល់មុខប្រហែលជាលើកយកទៅបាត់ហើយ ។

ក្រោយកើតហេតុសមត្ថកិច្ចយកម៉ូតូរបស់ជនរងគ្រោះទៅរក្សាទុកអធិការដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បីចាំបងប្អូនមកទទួលយកទៅវិញ ផងដែរ៕

មតិយោបល់