អាមេរិកៈ ទីភ្នាក់ងារ New York Times កាលពីថ្ងៃអង្គារ បានរាយការណ៍ថា ប្រទេសរុស្ស៊ី បានដាក់ពង្រាយប្រភេទគ្រូសមីស៊ីល (Cruise Missile ) ថ្មីមួយ មានសមត្ថភាពបាញ់មីស៊ីលផ្លោងពីនាវា ដែលវាជាការរំលោភនៃសន្ធិសញ្ញាគ្រប់គ្រងអាវុធជាមួយសហរដ្ឋអាមេរិក។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧។
តាមរបាយការណ៍នេះ បានឲ្យដឹងថា ការដាក់ពង្រាយអង្គភាពប្រតិបត្ដិការយ៉ាងពេញលេញនៃគ្រូសមីស៊ីល SSC-8 របស់រដ្ឋាភិបាលវិមានក្រឹមទ្បាំង បានបង្ហាញពីបញ្ហាប្រឈមធំមួយ ដល់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ព្រមទាំងទំនាក់ទំនងរវាងអាមេរិក និងរុស្ស៊ី។
ដកស្រង់សម្តីមន្ត្រីរដ្ឋាភិបាលអាមេរិក បានអះអាងថា រុស្ស៊ីបច្ចុប្បន្នបានដាក់ពង្រាយមីស៊ីលផ្លោងនេះ ចំនួនពីរកងវរសេនាតូច ដែលទីតាំងមួយ គឺនៅកន្លែងធ្វើតេស្តមីស៊ីល ក្នុងតំបន់ Kapustin Yar របស់រុស្ស៊ីដដែរ ស្ថិតនៅភាគខាងត្បូងប្រទេសរុស្ស៊ីជិតនឹងទីក្រុង Volgograd និងមួយទៀត ត្រូវបានគេផ្លាស់ប្តូរកាលពីខែធ្នូ ចេញពីតំបន់នោះទៅកាន់មូលដ្ឋានប្រតិបត្ដិមួយកន្លែងផ្សេងទៀត ក្នុងប្រទេសនេះ។
កាលពីមុននៅក្នុងរដ្ឋបាលលោក អូបាម៉ា ក្នុងឆ្នាំ ២០១៤ បានចោទប្រកាន់ថា រុស្ស៊ីរំលោភសន្ធិសញ្ញាឆ្នាំ ១៩៨៧ បន្ទាប់ពីប្រទេសនេះ បានសាកល្បងកាំជ្រួចមីស៊ីលប្រភេទនេះ ។
សូមជំរាបថា នៅក្នុងឆ្នាំ ១៩៨៧ អតីតប្រធានាធិបតីអាមេរិក លោក Ronald Reagan និងមេដឹកនាំសូវៀតលោក Mikhail S. Gorbachev បានចុះហត្ថលេខាលើសន្ធិសញ្ញាកងកម្លាំងនុយក្លេអ៊ែរមធ្យម (INF) ដែលបានហាមឃាត់ការបាញ់មីស៊ីលផ្លោងរយៈមធ្យម នៅទីតាំងមូលដ្ឋានខាងលើ។
ពាក់នឹងបញ្ហានេះដែរ ប្រទេសរុស្ស៊ីមកទល់ពេលនេះ មិនទាន់បានឆ្លើយតបទៅនឹងរបាយការណ៍នេះនៅទ្បើយទេ៕
មតិយោបល់